(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ដែលជាធនាគារពាណិជ្ជធំមួយ កំពុងតែមានសន្ទុះក្នុងការពង្រីកបច្ចេកវិទ្យា ទំហំប្រតិបត្តិការ និងវិសាលភាព របស់ខ្លួននាពេលថ្មីៗនេះ បានបង្ហាញវត្តមាននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកយ៉ាងច្រើនជំនាញ និងច្រើនកម្រិត។
ដើម្បីឆ្លើយតបទៅនឹងសន្ទុះ ក្នុងការពង្រីកខ្លួនរបស់ធនាគារ ព្រីនស៍ ទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេសកម្ពុជានោះ ព្រីនស៍ បាននឹងកំពុងត្រូវការជ្រើសរើសបន្ថែមនូវបុគ្គលិក ដែលជាធនធានមានសមត្ថភាព ដើម្បីមានឱកាសក្នុងការចូលរួមជាមួយ ព្រីនស៍។ សម្រាប់តួនាទី ដែលធនាគារ ព្រីនស៍ កំពុងធ្វើការជ្រើសរើសនោះ គឺមានស្ទើគ្រប់ជំនាញដូចជា ផ្នែកជំនាញបច្ចេកទេសធនាគារ, ផ្នែកធនធានមនុស្ស, ផ្នែកប្រតិបត្តិការអតិថិជន, ផ្នែកជំនាញបច្ចេកវិទ្យា, ផ្នែកទំនាក់ទំនង និងបម្រើសេវាអតិថិជនជាដើម ហើយដែលការងារទាំងនោះ មាននូវកម្រិតចាប់ពីកម្រិតជំនាញដំបូង រហូតដល់កម្រិតថ្នាក់គ្រប់គ្រងថែមទៀតផង។
ជាងនេះទៅទៀតសម្រាប់អត្ថប្រយោជន៍បុគ្គលិក ដែលផ្តល់ដោយធនាគារព្រីនស៍ ក៏មាននូវលក្ខខណ្ឌល្អប្រសើរដូចជា ការតម្លើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ, ការផ្តល់នូវប្រាក់ឧបត្ថម្ភបន្ថែមក្នុងឱកាសអបអរបុណ្យសំខាន់ៗ, ការឧបត្ថម្ភសម្រាប់តួនាទី ខួបកំណើត កូន និងមាតុភាព, ការផ្តល់ជូនការស្នាក់នៅសម្រាប់បុគ្គលិកនៅតាមបណ្តាខេត្ត, ការធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ ២៤ម៉ោង, ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បន្ថែមលើជំនាញដែលពាក់ព័ន្ធ និងទទួលបានបរិយាកាសការងារល្អ និងមានអត្ថប្រយោជន៍ល្អៗជាច្រើនផ្សេងៗទៀត។
លោក ទាង ស្រេង នាយកប្រតិបត្តិធនធានមនុស្ស នៃធនាគារ ព្រីនស៍ បានថ្លែងថា « ពិព័រណ៍ការងារជួយឲ្យក្រុមហ៊ុនទាំងឡាយ មានឱកាសប្រាប់ទៅដល់និស្សិត និងអ្នកដែលមានការងារហើយថា ក្រុមហ៊ុនខ្លួនកំពុងត្រូវការ ជ្រើសរើសបុគ្គលិក ជាពិសេសសម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ ពួកគាត់អាចមានជម្រើសច្រើនក្នុងការជ្រើសរើសក្នុងពេលតែមួយ ពួកគាត់អាចដាក់ពាក្យច្រើនកន្លែងដើម្បីមានឱកាសទទួលបានការងារ។
លោកបន្ដថា «ម៉្យាងទៀត ក្រុមហ៊ុនអាចឲ្យអាចនិស្សិតទាំងឡាយស្គាល់ខ្លួនឯងកាន់ច្រើន ដើម្បីងាយស្រួលក្នុងការទាក់ទាញមកដាក់ពាក្យធ្វើការផងដែរ។ ក្រៅពីនេះ ពិព័រណ៍ការងារ ក៏ជួយកាត់បន្ថយអត្រាគ្មានការងារធ្វើ ជួយឲ្យនិស្សិតចេញពីសាលាឆាប់បានការងារធ្វើ»។
លោកបានបន្ថែមទៀតថា «មកដល់បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មានបុគ្គលិកសរុបចំនួន ៥៨៤នាក់ ដោយក្នុងមានបុគ្គលិកជំនាញប្រហែលជាង៣០០នាក់ និងបុគ្គលិកគ្មានជំនាញប្រហែលខ្ទង់ជាង១០០នាក់។ ហើយនៅក្នុងឆ្នាំ ២០១៩ ធនាគារគ្រោងជ្រើសរើសបុគ្គលិកពី២៥០ ទៅ៣០០នាក់ទៀត»។
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលរៀបចំឡើងនៅថ្ងៃទី២៧ -២៨ ខែតុលា ឆ្នាំ ២០១៨ នៅសាលពិព័រណ៍កោះពេជ្យ ធនាគារ ព្រីនស៍ បានផ្តល់ឱកាសឲ្យសាធារណជន ដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យដោយផ្ទាល់ ឬសាកសួរព័ត៌មាន និងឱកាសក្នុងការឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីធនាគារព្រីនស៍ ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ធនាគារ ព្រីនស៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលមានឈ្មោះថា «ព្រីនស៍ ហ្វាយនែន ភីអិលស៊ី» ហើយបានអភិវឌ្ឍខ្លួន ទៅជាធនាគារ ពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណលេខ B 46 ផ្តល់ជូនដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ រហូតមកដល់ពេលនេះ ធនាគារ ព្រីនស៍ គឺជាធនាគាពាណិជ្ជ ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ 00014627 នៅ ក្រសួងពាណិជ្ជកម្ម៕