(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលមានលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននៅរាល់គ្រប់បទល្មើសដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្តផងដែរ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨ ដែលមានការសិក្ខាកាមជិត២០០នាក់ចូលរួម។ វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងបន្ទាប់ពីការអនុញ្ញាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងយ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលកំពុងបម្រើសេវាកម្មទាំងអស់ ត្រូវជួយរាយការណ៍ពីបទល្មើសនានា ដែលខ្លួនបានដឹងនៅកន្លែងដែលកំពុងការពារ ជូនសមត្ថកិច្ចមូលដ្ឋាន។ ហើយការរាយការណ៍នេះនឹងត្រូវរក្សាការសម្ងាត់ ក៏ដូចជាមានផ្ដល់នូវរង្វាន់លើកទឹកចិត្តផងដែរ»។
លោកឧត្តមសេនីយ៍ លឹម សុខារស្មី ក៏បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើង នូវការចូលរួមថែរក្សាសន្ដិសុខ បានយ៉ាងល្អប្រសើរ។
បើតាមលោកប្រធាននាយកដ្ឋាន កត្ដាទាំងអស់នេះហើយ បានជាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្ដិសុខឯកជនមួយនេះ ដែលជាវិស័យមួយមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយនឹងវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជាមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕