(បាងកក)៖ លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ តំណាងសម្លេងក្រុង-ស្រុករបស់ប្រទេសកម្ពុជា ត្រូវបានអញ្ជើញចូលរួម «វេទិកាពិភពលោកស្តីពីការតាំងទីលំនៅរបស់មនុស្សជាតិឆ្នាំ២០១៨» ដែលរៀបចំឡើងរយៈពេលពីរថ្ងៃពីថ្ងៃ៣០-៣១ ខែតុលា នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានអ្នកចូលរួមមកពី៤០ប្រទេស ប្រមាណ៣៥០នាក់ មកពីអង្គការសហប្រជាជាតិ (UN) មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ ប្រទេសថៃ និងប្រទេសផ្សេងទៀត អភិបាលក្រុង និងអង្គការសង្គមស៊ីវិល។
លោក យិន វណ្ណៈ ត្រូវបានអញ្ជើញចូលរួមវេទិកាដ៏មានសារសំខាន់នេះ តាមរយៈការសម្របសម្រួលរវាងអ្នករៀបចំកម្មវិធី ជាមួយសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទីមួយ វេទិកាបានប្រារព្វទិវាទីក្រុងពិភពលោកឆ្នាំ២០១៨ ផ្តោតលើប្រធានបទ «លើកកម្ពស់ការច្នៃប្រឌិត ក្នុងការអភិវឌ្ឍទីប្រជុំជន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពទាំង១១ និងរបៀបវារៈនៃការអភិវឌ្ឍទីប្រជុំជនថ្មី»។
ជាមួយគ្នានោះ វេទិកាក៏នឹងរៀបចំពិធី «ផ្តល់ពានរង្វាន់ការតាំងទីលំនៅរបស់មនុស្សជាតិ និងទីក្រុងប្រកបដោយនិរន្តរភាពឆ្នាំ២០១៨» ដើម្បីទទួលស្គាល់ការអនុវត្តល្អ ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ពិភពលោកស្តីពីការតាំងទីលំនៅរបស់មនុស្សជាតិ(GFHS) ឆ្នាំ២០១៨ ត្រូវបានរៀបចំដោយលេខាធិការដ្ឋាន GFHS និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) នៅសាលសន្និសីទអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ដោយសហការជាមួយសមាគមពិភពលោកវិថីមួយ ខ្សែក្រវ៉ាត់មួយ (GOBA) សមាគមពិភពលោក នៃអង្គការមិនរដ្ឋាភិបាល (WANGO) និងវិទ្យាស្ថានទីក្រុងល្អ (BCI)៕