(កំពង់ធំ)៖ ដើម្បីចូលរួមអបអរសាទរ និងថ្វាយព្រះពរសព្វសាធុកា ដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធខួបលើកទី១៤ នៃគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះពរបវរមហាប្រសើរ ជូនចំពោះព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីព្រះអង្គព្រះជន្មាយុយឺនយូ និងគង់ប្រថាប់ជាម្លប់ដ៏ត្រចេះត្រចង់ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលជាកូនជាចៅចៅទួនតរៀងទៅ។
ពីធីថ្វាយព្រះពរគ្រប់ខួបលើកទី១៤ នៃការឡើងគ្រងរាជសម្បត្តិ ព្រះករុណាសម្តេច ព្រះបរមនាថនរោត្តម សីហមុនីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រះសង្ឃ លោក លោកស្រីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាព និងមន្តី្ររាជការជុំវិញខេត្តជាច្រើនរូប។
នៅក្នុងសារលិខិតថ្វាយព្រះពរ ដែលអានដោយ លោក សុខ លូ អភិបាលខេត្ត បានអាននូវខ្លឹមសារសំខាន់ៗថា នៅក្នុងថ្ងៃដ៏មហាប្រសើរ ប្រកបដោយមហានក្ខត្តឬក្សឧត្តងឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរី រាជសម្បត្តិរបស់ព្រះ ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃសិស្សានុសិស្ស និងប្រជារាស្ត្រទូទាំងខេត្ត សូមប្រសិទ្ធិពរជ័យ បវមហាប្រសើរ បួងសួងដល់គុណព្រះរតនត្រៃយ៍ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះមេត្តាប្រោសប្រទានព្រះពរជ័យ និងប្រោសព្រំថែរក្សា ព្រះករុណាព្រះជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយ ព្រះរាជព្រះតេជៈបារមីកាន់តែចិញ្ជាចចិញ្ជែង ដើម្បីគង់ជាម្លម់ដ៏សែនត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយ ព្រះសព្ទសាធុការពរជ័យ និងសម្ដែងនូវអំណរសារទរ សប្បាយរីករាយជាអនេកប្បការដ៏ជ្រាលជ្រៅបំផុត និងសូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះពលនុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា ដល់ប្រជានុរាស្ត្ររួមរស់ក្នុងសុខសន្តិភាព និងភាពចម្រុងចម្រើន ថ្កុំថ្កើនរុងរឿង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព៩អង្គ និងរូប ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រ ឡើងគ្រងរាជ្យបន្តពីព្រះវររាជបិតា បន្ទាប់ពីសម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះវររាជបិតា បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕