(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីបង្ហោះរូបអាសអាភាស និងវាយអតីតសង្សារ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ត្រូវបាន លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដោះលែងវិញនៅល្ងាចថ្ងៃដដែល។ នេះបើយោងតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។
បើតាមសមត្ថកិច្ចបានដឹងថា ជនសង្ស័យមានឈ្មោះ Tom Stienments អាយុ៣៣ឆ្នាំ ជនជាតិអ៊ីស្រាអែល។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីប្រើហិង្សា និងបង្ហោះរូបអាសអាភាសរបស់ជនរងគ្រោះជាសង្សារ។
ជាការកត់សម្គាល់ នៅពេលបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នារីរងគ្រោះ ក៏បានធ្វើសន្និសីទកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីអំពាវនាវរកយុត្តិធម៌ ដែលខ្លួនបានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់ជនសង្ស័យជាសង្សារ។
ប៉ុន្តែទីបំផុត ជនរងគ្រោះនៅតែរងគ្រោះ ព្រោះជនសង្ស័យត្រូវបានដោះលែងឲ្យមានសេរីភាព។ នារីរងគ្រោះ បានបង្ហាញការព្រួយបារម្ភខ្លាចអតីតសង្សាររបស់នាង តាមធ្វើបាបបន្តទៀត ក្រោយត្រូវបានដោះលែងបែបនេះ៕