(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ នៅតែបន្តសកម្មភាពក្នុងការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួន ជាក់ស្ដែងជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀនចំនួន៤នាក់ បន្ថែមទៀតហើយ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ និងម៉ូតូ១គ្រឿង។
អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀនទាំង៤នាក់ ខាងលើនេះ ត្រូវបានអនុវត្តឡើង ក្នុងពេលចុះត្រួតពិនិត្យច្បាប់ ចរាចរផ្លូវគោក និងសារធាតុ នៃជាតិស្រវឹងតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ និងមួយទីតាំងទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ដូចគ្នា ក្នុងក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
លោកអធិការបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនរួមមាន៖ ឈ្មោះ ចាន់ កូលាប អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ តំ វ៉ាង អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាល បានដកហូតបានក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ។
ដោយឡែក ជនសង្ស័យដែលបង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែង ក្នុងបទល្មើសប្រើប្រាស់ថ្នាំញៀន ជាករណីទី២មានឈ្មោះ ម៉ៃ សម្បូរ អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំងរបង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (រក្សាទុក) និងម្នាក់ទៀតឈ្មោះ សុង សំណាង អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតាលីង ឃុំខ្សេមខ្សាន ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។
លោកវរសេនីយ៍ឯក គល់ យី បញ្ជាក់ផងដែរថា ក្រោយបង្ក្រាបឃាត់ខ្លួនភ្លាមៗ ជនសង្ស័យទាំង៤នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវនាំមកឃុំខ្លួនបណ្ដោះអាសន្ន ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕