សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែតុលាម្សិលមិញ
30-10-2018 06:49
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង, រថយន្តតូច៣គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៩១លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៥៧នាក់, របួសធ្ងន់៣១៩នាក់ និងរបួសស្រាល១៣៩នាក់៕