(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាព និងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និងកាណូតដឹកជញ្ជូនទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតំបន់ទាំងបីនេះ។
បន្ទាប់ពីបានស្តាប់របាយកាណ៍របស់ប្រធានសមាគម តំណាងកំពង់ផែ ម្ចាស់កាណូត អ្នកបើកកាណូត អាជ្ញាធរមូលដ្ឋាន លោកមេឃុំ និងប្រជាពលរដ្ឋរួចមក ឯកឧត្តម ថោង ខុន បានកោតសរសើរនិងបានណែនាំដល់ភាគីគីពាក់ព័ន្ធទាំងអស់ អោយបន្តសហការគ្នាពង្រឹងការងារគ្រប់គ្រងសហគមន៍ទេសចរណ៍ លើកកំពស់គុណភាពសេវាកម្ម ទេសចរណ៍ទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែង សហការគ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាអាទិត្រូវរៀបចំកាណូតអោយបានស្អាតល្អ មានពោងសុវត្ថិភាព អ្នកបើកកាណូតត្រូវមានឯកសណ្ឋានត្រឹមត្រូវ និងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវះ ជំនាញមាន កាណូតទេសចរណ៍ទាំងអស់ ត្រូវមានការត្រួតពិនិត្យ ផ្នែកបច្ចេកទេសជំនាញពីក្រសួងសាធារណការ ជាប្រចាំនិងត្រូវមានអាជ្ញាបណ្ណ៍ទេសចរណ៍ ជាចាំបាច់។ ត្រូវនាំគ្នាសិក្សា រៀនសូត្រពី ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ ឲ្យបានល្អស្របតាមស្តង់ដារសហគមនិជាតិ និង សហគមន៍ទេសចរអាស៊ានសំខាន់បំផុត ការធានាឲ្យបាននូវគុណភាពសេវា និងការបែងចែកផលប្រយោជន៏ប្រកបដោយសមធម៌ ត្រូវធានាថាសហគមន៍យើងជាសហគមន៏ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព។ ដើម្បីធានាការដឹកនាំពីក្រសួង, មន្ទីរទេសចរណ៍ខេត្ត ត្រូវចាត់តាំងមន្ត្រីថ្នាក់ អនុប្រធានមន្ទីរ០១រូប ចុះពិនិត្យតាមដាន និងរាយការណ៍ជាប្រចាំ ជូនមន្ទីរ ខេត្តនិងក្រសួង។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការបង្កើតប្រាក់ចំណូលដែលទទួលបានពីសេវាស្នាក់នៅ (Home Stay) សេវាមគ្គុទ្ទេសក៏ សេវាម្ហូបអាហារ ដឹកជញ្ជូន ។ល។ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធនធានធម្មជាតិ និងជីវៈជម្រុះប្រកបដោយនិរន្តរភាព ទប់ទល់ការបម្រែបម្រួលអាកាសធាតុ និងការបង្កើតទម្លាប់ស្រឡាញ់បរិស្ថាន។ ប៉ុន្តែជារួមការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មូលដ្ឋានទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ក្នុងបំណតែមួយគត់គឺដើម្បីថែរក្សា ការពារ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងលើកកំពស់ជីវភាពរស់នៅរបស់បបរជាពលរដ្ឋសហគមន៍ តាមរយៈចំណូលបន្ថែមដែលបានមកពីវិស័យទេសចរណ៏។
សូមជម្រាបថា តំបន់ទន្លេសាបជាគោលដៅទេសចណ៍ប្រកបដោយភាពទាក់ទាញបន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណ៥០% ទៅទស្សនាតំបន់ទន្លេសាប ( មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរក្នុងស្រុក) ក្នុងនោះ តំបន់ចុងឃ្នៀសទទួលទេសចរបានប្រមាណពី ១០០០-១៥០០នាក់ ក្នុងមួយថ្ងៃ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានទេសចរប្រមាណ ៨០០-១០០០នាក់ក្នុងមួយថ្ងៃ ហើយក្រៅពីនេះទេសចរបានទៅទស្សនានៅសហគមន៍ជ្រាវ មេជ្រៃ និងសហគមន៍ទេសចរណ៍ផ្សេងៗទៀត។ បច្ចុប្បន្ននទេសចរអន្តរជាតិទៅទស្សនាតំបន់អង្គរមានប្រមាណ ៦ពាន់នាក់ក្នុងមួយថ្ងៃ ហើយនៅពេលរដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ៕