(កំពត)៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ ដែលប្រព្រឹត្ដទៅនៅលើភ្នំបូកគោ ដែលចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែតុលានេះ បានបញ្ចប់ដោយភាពជោគជ័យ និងសប្បាយរីករាយក្រៃលែង ។
សណ្ឋាគារ ឋានសួគ៌ សុខា ដែលបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះ ពិតជាព្រឹត្ដិការណ៍ដ៏អស្ចារ្យមែនទែន ពិសេសការរៀបចំឡើងនេះ ដើម្បីប្រមូលថវិកា ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចាប់ពី ២១គីឡូម៉ែត្រ រហូតដល់ការរត់ប្រណាំងបែបកម្សាន្តសប្បាយ៣គីឡូម៉ែត្រ ឬការប្រណាំងកង់កុមារ សុទ្ធសឹងតែជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រូសារ និងមិត្តភក្តិ។
ព្រឹត្តិការណ៍នេះ ជាឱកាសដ៏មានអត្ថន័យមួយ ក្នុងការលើកកម្ពស់សុខភាព ភាពសប្បាយរីករាយ និងសប្បុរសធម៌ ហើយភ្ញៀវអាចធ្វើការជ្រើសរើសស្នាក់នៅសណ្ឋាគារដ៏ប្រណិត នៃសណ្ឋាគារឡឺ បូកគោ ផាឡេស ឬសណ្ឋាគារ ឋានសួគ៌ សុខា ឬបោះជំរំលក្ខណៈជាក្រុម ឬបុគ្គល ដែលមានការប្រគុំតន្រ្តីពេលល្ងាចនៅមុខសណ្ឋាគារឋានសួគ៌ សុខា។
នៅក្នុងព្រឹត្ដិការណ៍លើកទី៥នេះ បានឃើញថាចំនួនអ្នកចូលរួមរត់ម៉ារ៉ាតុង ក៏ដូចជាចំនួនអ្នកប្រណាំងកង់ មានការកើនឡើងគួរឲ្យកក់សម្គាល់ ហើយចំនួនអ្នកចូលរួម បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ភ្នំបូកគោ ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅកម្ពុជា ដែលមានទស្សនីយភាពដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ គួរឲ្យទាក់ទាញជាច្រើន ដូចជាទឹកជ្រោះពពកវិល វាលស្រែ១០០ វាលស្រែ៥០០ តំបន់ថ្មប្រាសាទ វាលផ្កាបំពង់ក្រឡោម ដែលជាប្រភេទផ្កាដ៏កម្រមួយ នៅកម្ពុជា ។ រូបសំណាកលោកយាយម៉ៅដ៏ធំ និងខ្ពស់ជាងគេបង្អស់ និងវត្តសំពៅប្រាំ ដែលមានអាយុកាលជិត១០០ឆ្នាំជាដើម។
ក្រៅពីតំបន់ទេចរណ៍ទាំងនេះ ភ្នំបូកគោក៏មានសណ្ឋាគារដ៏ប្រណិតពីរ សណ្ឋាគារឡឺ បូកគោ ផាឡេស និងសណ្ឋាគារឋានសួគ៌ សុខាដែលស្ថិតនៅលើកំពូលភ្នំ អមជាមួយទេសភាពដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់គ្រប់រដូវកាល នៅលើភ្នំបូកគោ ដោយសណ្ឋាគារ ឡឺ បូកគោផាឡេស ត្រូវបានបើកសម្ពោធជាផ្លូវការលើកដំបូង ក្នុងឆ្នាំ១៩២៥ នាសម័យអាណានិគមបារាំង។
សព្វថ្ងៃនេះ សណ្ឋាគារឡឺ បូកគោ ផាឡេសត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាបថផ្ទៃខាងក្នុងបែបអាណានិគម ជាមួយគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិត ដែលនាំចូលពីប្រទេសអេស្ប៉ាញ។ មានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ និងភោជនីយដ្ឋានចំនួនពីរ ដោយចុងភៅស្វីស និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយបន្លែសរីរាង្គ និងគ្រឿងផ្សំស្រស់ៗ ដែលដាំនៅចំការបន្លែលើភ្នំបូកគោ ។
សណ្ឋាគារឋានសួគ៌ សុខា ក៏មានផ្តល់ជូននូវសេវាកម្មដឹកអ្នកដំណើរ ពីភ្នំពេញទៅសណ្ឋាគារ ឋានសួគ៌ សុខា ប្រកបដោយផាសុកភាព ដោយចេញដំណើរជារៀងរាល់ថ្ងៃ ពីភ្នំពេញទៅសណ្ឋាគារឋានសួគ៌ សុខានៅម៉ោង ៧៖០០ព្រឹក និងពីសណ្ឋាគារ ឋានសួគ៌ សុខា ទៅកាន់ភ្នំពេញនៅម៉ោង១៖៤៥នាទីរសៀល។
ព័ត៌មានលម្អិត សូមចូលទៅកាន់ហ្វេសប៊ុក៖ https://www.facebook.com/PreahMonivongBokorMarathon/ ឬគេហទំព័រ: www.bokormarathon.com/ ៕