(ភ្នំពេញ)៖ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៉ិន ចាន់នី បានគាំទ្រចំពោះការដាក់ឲ្យទូទាត់ប្រាក់យ៉ន់របស់ចិន នៅក្នុងប្រព័ន្ធធនាគារដោយសារតែជាសញ្ញាល្អ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា នៅគ្រាដែលវិនិយោគិនចិន និងការធ្វើពាណិជ្ជកម្មរបស់ចិន-កម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។
ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨លោក អ៉ិន ចាន់នី បានបញ្ជាក់ថា ការដាក់ឲ្យមានការទូទាត់ពាណិជ្ជកម្ម, ខ្ចី និងដាក់ប្រាក់បញ្ញើ ជាប្រាក់យ៉ន់នៅក្នុងប្រព័ន្ធធនាគារ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនេះ នឹងជួយឲ្យការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កាន់តែប្រសើរជាងមុន នៅគ្រាដែលទំហំពាណិជ្ជកម្មប្រទេសរបស់ចិន មានការកើនឡើងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកពន្យល់ថា ពីមុនការទូទាត់ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជាចិនប្រើប្រាស់នូវប្រាក់ដុល្លារតែពេលនេះ គឺអាចប្រើប្រាស់នូវប្រាក់យ៉ន់បានហើយ។ លោកលើកឧទាហរណ៍ថា ពីមុនប្រសិនបើពាណិជ្ជករកម្ពុជា នាំចេញអង្ករទៅកាន់ប្រទេសចិន ការទូទាត់ត្រូវធ្វើឡើងជាប្រាក់ដុល្លារ ប៉ុន្ដែនៅពេលដែលការដាក់ឲ្យមានការទូទាត់ ក្នុងប្រព័ន្ធធនាគារដោយប្រាក់យ៉ន់ នៅពេលនេះពាណិជ្ជករចិន អាចទូទាត់ជាប្រាក់យ៉ន់ ចូលប្រព័ន្ធធនាគាររបស់កម្ពុជា ដើម្បីទូទាត់ថ្លៃអង្ករឲ្យពាណិជ្ជករខ្មែរ ដោយមិនប្តូរទៅជាប្រាក់ដុល្លារដូចមុនឡើយ។
លោកបន្ដទៀតថា ចំពោះការចាយវាយប្រាក់យ៉ន់នៅកម្ពុជា សម្រាប់ការទិញរបស់ប្រើប្រាស់ ក៏មិនមានការហាមឃាត់ដែរ បានសេចក្ដីថា នៅពេលដែលអ្នកកាន់ប្រាក់យ៉ន់ អាចឲ្យថ្លៃសណ្ឋាគារ ឬកាហ្វេជាដើម បានឲ្យតែអ្នកទទួលព្រមទទួលយក។
ដោយឡែកសម្រាប់ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនៅកម្ពុជា លោក ច័ន្ទ សុផល បានបង្ហាញភាពវិជ្ជមាន ក្នុងការដាក់ឲ្យមានការទូទាត់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគាររវាងចិន និងកម្ពុជា។ លោកថា វានឹងផ្ដល់ភាពងាយស្រួលដល់ជនជាតិចិន ដែលមកធ្វើទេសចរណ៍ ធ្វើពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា ដែលនឹងជួយបាននូវការជំរុញនៅវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រោះថា វិនិយោគិនយ៉ាងច្រើន បាននឹងកំពុងធ្វើការវិនិយោគនៅកម្ពុជា។
លោកថា ការដាក់ឲ្យមានការទូទាត់ប្រាក់យ៉ន់នេះ នឹងមានផលចំណេញវិស័យសេដ្ឋកិច្ចនៅកម្ពុជា ដោយមិនមានអ្វីខាតបង់ឡើយ គឺជួយជំរុញឲ្យកាន់តែមានភាពងាយស្រួល ក្នុងការដោះដូររូបិយបណ្ណ ក្នុងការធ្វើពាណិជ្ជកម្ម និងការប្រកបអាជីវកម្ម។
សូមជម្រាបថា ថ្មីៗលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការគាំទ្រ ការប្រើប្រាស់ប្រាក់យ៉ន់នៅកម្ពុជា តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី, ការវិនិយោគ និងទេសចរណ៍ជាដើម ឱ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈនេះវិនិយោគិនពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់, អាចទូទាត់, ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារដែលអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន។
បើតាមក្រសួងពាណិជ្ជកម្ម ទំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់៤.៨ប៊ីលានដុល្លា ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន៨៣០លានដុល្លា និងការនាំចូលមកកម្ពុជាមានចំនួន៣.៩ប៊ីលានដុល្លា។ គិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ១៧ ប៊ីលានដុល្លារអាមេរិក ជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេបំផុត៕