(ភ្នំពេញ)៖ ខណៈដែលនៅក្នុងប្រទេសកម្ពុជា មានហាងកាហ្វេជាច្រើន បាននឹងកំពុងតែរីកលូតលាស់ដូចផ្សិត ដើម្បីបំពេញសេចក្ដីត្រូវការ ដល់អ្នកចូលចិត្តទទួលទានការហ្វេនោះ ហាងកាហ្វ ធ្យូប -Tube Cafe បានសម្រេចពង្រីកសាខាថ្មីរបស់ខ្លួនបន្ថែមទៀត ដោយមានគោលដៅធ្វើយ៉ាងណា ពង្រឹងគុណភាពកាហ្វេរបស់ខ្មែរ ឲ្យបានល្អប្រសើរ មានឱជារសឈ្ងុយឆ្ងាញ់ ដើម្បីប្រកួតប្រជែងជាមួយនឹងកាហ្វេនាំចូលពីបរទេស និងជាកិត្តិយសរបស់ជាតិផងដែរ ដែលមានកាហ្វេមានរសជាតិឆ្ងាញ់លក្ខណៈស្ដង់ដារ។
ការប្រកាសឲ្យដឹងពីគោលបំណងធំរបស់ហាងកាហ្វេ «ធ្យូប» ត្រូវបានធ្វើឡើង ក្នុងឱកាសបើកសម្ពោធសាខាទី៣ ហាងកាហ្វេថ្មីមួយបន្ថែមទៀត នៅម្ដុំសួនកាណាឌីយ៉ា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ម្ចាស់ហាង អតិថិជន និងដៃគូពាណិជ្ជកម្ម មកពីក្រុមហ៊ុននានាជាច្រើននាក់។
លោក ឃន ឈុនដារា ម្ចាស់ស្ថាបនិកកាហ្វេ «ធ្យូប» សាខាកាណាឌីយ៉ា បានថ្លែងប្រាប់ឲ្យដឹងថា ការបើកសម្ពោធថ្ងៃនេះ គឺជាសាខាទី៣ ខណៈដែលតាមគម្រោង គឺត្រូវបន្ថែមសាខាថ្មីជាច្រើន បន្តបន្ទាប់ទៀត។ អ្វីដែលលោកបង្ហាញ ឲ្យអតិថិជនដឹងនៅពេលនេះ គឺម៉ាកកាហ្វេមួយ ដែលមានគុណភាពខ្ពស់ មានការទទួលស្គាល់ពីអន្តរជាតិ និងមានបំណងចង់នាំម៉ាករបស់ខ្មែរដ៏ល្បីនេះ ទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តទៀតថា ជាការពិត ការទទួលទានកាហ្វេ ពិតជាកំពុងតែទទួលបានការពេញនិយម សម្រាប់មនុស្សគ្រប់វ័យ ហើយកាហ្វេនៅហាង ធ្យូប គឺបានចម្រាញ់ឡើងយ៉ាងពិសេស គិតពីរសជាតិ ក្លិន ជឿជាក់ថាឆ្ងាញ់ ហើយមានតម្លៃសមរម្យបំផុត ក្នុងនោះបរិយាកាសក្នុងហាងធ្យូប ក៏ពិតជាមានបរិស្ថានល្អ គួរជាទីទាក់ទាញផងដែរ។
ទោះជាយ៉ាងណា លោក ឃន ឈុនដារា ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ងាកមកគាំទ្រម៉ាកផលិតផល កាហ្វេរបស់ខ្មែរយើង ដើម្បីជួយលើកស្ទួយមុខមាត់ប្រទេសជាតិ ជាពិសេសម៉ាកគុណភាពកាហ្វេ ជាជាងនាំគ្នាទៅពេញនិយម តែកាហ្វេនាំចូលពីបរទេស។
ដោយឡែកលោក ហុង សុខឡេង ម្ចាស់ហាងកាហ្វេ «ធ្យូប» Tube Cafe) សាខាកាណាឌីយ៉ា បានថ្លែងឱ្យដឹងថា មូលហេតុដែលលោកជ្រើសរើសបើកហាងកាហ្វេ «ធ្យូប» នេះ ព្រោះ វាមានរសជាតិឈ្ងុយឆ្ងាញ់ ហើយលោកក៏ជាអ្នកដែលចូលចិត្តផឹកកាហ្វេម្នាក់ដែរ លោកបានផឹកជារៀងរាល់ថ្ងៃ ហើយចំពោះកន្លែងទាំងអស់ដែលលោកបានទៅរកកាហ្វេ គឺលោកចាប់អារម្មណ៍ជាងគេគឺហាង «ធ្យូប» នេះឯង ដោយសារការហ្វេនេះ មានរសជាតិឈ្ងុយឆ្ងាញ់ ធ្វើឱ្យលោកមិនអាចបំភ្លេចរសជាតិនោះបាន។
លោកបន្តថា បន្ទាបពីទទួលបានរសជាតិដ៏ល្អនេះរួចហើយ លោកក៏មានបំណងថា គួរតែធ្វើជាម្ចាស់កាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយនេះ ដែលអ្នកដទៃក៏គិតថា ឈ្ងុយឆ្ងាញ់ពេលបានភ្លក្សរសជាតិកាហ្វេនេះដូចគាត់ដែរ នេះហើយជាមូលហេតុ ដែលលោកជ្រើរើសបើកហាងកាហ្វេ «ធ្យូប» នៅកាណាឌីយ៉ានេះ។
លោកបានបញ្ជាក់ទៀត ចំពោះមូលហេតុមួយទៀតនោះ គឺដោយសារធ្យូបកាហ្វេ គឺជាផលិតផលរបស់កូនខ្មែរយើង ដូចនេះហើយវាក៏ជាសកម្មភាពតិចតួច ដែបានបង្ហាញពីលក្ខណៈស្នេហាជាតិ ដោយបានគាំទ្រផលិតផលខ្មែរ ធ្វើឱ្យផលិតផលខ្មែរល្បីល្បាញទូទាំងពិភពលោក ដូចជាផលិតផលនៅបច្ចឹមប្រទេសដែរ ព្រោះគេអាចធ្វើឱ្យផលិតផលគេអាចល្បីល្បាញបាន យើងក៏អាចធ្វើបានដូចជាគេដែរ។
លោកបានបញ្ជាក់ទៀតថា ចំនួនទឹកប្រាក់ដែលទិញហ្វ្រែនឆាយ វាមិនមែនជាចំនួនទឹកប្រាស់ដែលច្រើនណាស់ណា ដូចជាផលិតផលដែលគេមានម៉ាកល្បីៗនោះទេ តែអ្វីដែលសំខាន់គោលដៅរបស់កាហ្វេធ្យូប សាខាកាណាឌីយ៉ានេះ គឺចង់ឱ្យមានភាពជោគជ័យ ហើយការទិញហ្វ្រែនឆាយ គឺតម្លៃអាចចរចាគ្នាបាន មិនមានតម្លៃជាឧបសគ្គនោះទេ ហើយក៏មិនបានប៉ះពាល់ដល់ការសម្រេចចិត្ត ហើយក៏ជាតម្លៃ ដែលមិនបានធ្វើឱ្យយើងយល់ថា វាខ្ពស់ហួសហេតុពេកនោះទេ។
លោកបានបន្ថែមទៀតថា ធម្មតាចំពោះអតិថិជនដែលគាត់មករកទិញកាហ្វេ គឺគោលដៅគាត់មករកកាហ្វេ ហើយបើសិនជាកាហ្វេរបស់យើងឆ្ងាញ់ គាត់ចាប់អារម្មណ៍ចង់ញាំ គាត់ពេញចិត្ត ពួកគាត់នឹងនៅតែបន្តមកហាងយើងបន្តលើកក្រោយៗ ទៀតជាក់ជាមិនខាន ហើយមួយវិញទៀតគឺយើងបានផ្តោខ្លាំងទៅលើសេវាកម្ម ព្រោះសម័យនេះសេវាកម្មគឺជាកត្តាសំខាន់ ព្រោះទោះបីជាកាហ្វេល្អ តម្លៃថោកយ៉ាងណាក៏ដោយ បើសេវាកម្មមិនល្អប្រាកដណាស់ អតិថិជនក៏មិនពេញចិត្តនឹងកន្លែងយើងនោះដែរ៕