(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យសិក្ខាកាម ក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក ដែលនឹងចេញដំណើរ ទៅចូលរួមប្រកួតកីឡាបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន (AARM-28 ឆ្នាំ2018) នៅប្រទេសម៉ាឡេស៊ី ដែលនឹងចេញដំណើរនៅថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្នាននៃកងយោធលខេមរភូមិន្ទ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវត្រួតពិនិត្យសម្ភារ បរិក្ខា និងកម្លាំងបានល្អ ត្រូវខិតខំរក្សាបាននូវគោលការណ៍ជាយុទ្ធសាស្ត្រដោយខិតខំ ប្រឹងប្រែងក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ គោរពវិន័យ បទបញ្ជារបស់គណៈកម្មការប្រកួត បទបញ្ជាទីលានប្រកួតបាញ់ កាំភ្លើងដៃ រក្សាបាននូវកិត្តិយសមុខមាត់របស់ប្រទេសជាតិសាកសមជាកងទ័ព នៃប្រទេសមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានសីលធម៌ល្អប្រពៃ និងរក្សាតំលៃពីបុគ្គលរហូតដល់អង្គភាព និងប្រទេសជាតិយើង ត្រូវរក្សាចំណងសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានសាមគ្គីភាពជាមួយប្រទេសជាមិត្ត និងយុទ្ធមិត្តរួមក្រុមទាំងអស់ផងដែរ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តល់ដល់ក្រុមកីឡាក កីឡាការនីនូវថវិការចំនួន១៧លានរៀល អាវយឺតចំនួន៥៥អាវ ស្បែកជើង និងស្រោមជើងចំនួន៥៥គូរ ខោជើងកីឡាចំនួន៥៥ខោ និងថវិកាការសម្រាប់កីឡាកបាញ់គ្រាប់ Footbull ចំនួន១៧៤២ដុល្លាអាមេរិក។

ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានឱ្យដឹងថា សមាសភាពក្រុមបាញ់កាំភ្លើងដៃ កងជើងគោក ដែលត្រូវទៅចូលរួម ប្រកួតបាញ់កាំភ្លើងដៃ (AAR-28 ឆ្នាំ2018) មានចំនួនក្របខ័ណ្ឌ៥៥នាក់ ដោយចែកចេញជាថ្នាក់ដឹកនាំបញ្ជា ការងាររដ្ឋបាលចំនួន០៣នាក់ និងក្រុមកីឡាករប្រកួតចំនួន៥២នាក់ ដែលមានក្រុមកាំភ្លើងខ្លីបុរស១០នាក់ នារី០៥នាក់ ក្រុមកាំភ្លើងការាប៊ីន បុរស១១នាក់ ក្រុមកាំភ្លើងវែង បុរស១៦នាក់ និងក្រុមកាំភ្លើងយន្តបុរស១០នាក់ តាមមធ្យោបាយដឹកជញ្ជូនក្រុមហ៊ុនយន្តហោះម៉ាឡេស៊ី (ភ្នំពេញ-ម៉ាឡេស៊ី) ជួយជាមធ្យោបាយធ្វើដំណើរទាំងទៅទាំងមកផងដែរ។

ទន្ទឹមនឹងនេះឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក៏បានជួយឧបត្ថម្ភខោជើងវែងកីឡា ចំនួន៥៥ខោ និងក្រសួងការពារជាតិ បានជួយឧបត្តម្ភសោហ៊ុយហោប៉ៅ ដល់ក្រុមសិក្ខាកាមទាំង៥៥នាក់ ក្នុងម្នាក់ៗ ចំនួន៥០ដុល្លារផងដែរ៕