(កណ្តាល)៖ សមត្ថកិច្ច និងក្រុមអ្នកមុជទឹក កំពុងស្វែងរកក្មេង៣នាក់ ដែលបាត់ខ្លួន នៅក្នុងទន្លេបាក់សាក់ ស្ថិតនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ក្រោយពេលដែលទូកម៉ាស៊ីន ដែលពួកគេរួមដំណើរ បានលិចនៅម៉ោង ២៖០០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ខណៈដែលមនុស្ស២នាក់ ត្រូវបានសង្គ្រោះទាន់ពេលវេលា។
សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណ នៃក្មេងជំទង់ៗ ដែលបាត់ខ្លួនទាំង៣នាក់ ដែលក្នុងនោះរួមមាន៖ ទី១៖ ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ និងទី៣៖ ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល។
តាមការអះអាងរបស់សមត្ថកិច្ច, នៅមុនពេលកើតហេតុការណ៍នេះ គឺឈ្មោះ រិន មករា (ជនរងគ្រោះ) និងមិត្តស្រីជាសង្សារ ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង (តាមដងទន្លេបាសាក់) ដោយពួកគេមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះ រិន មករា បានហៅឪពុកក្មេងទាំង៣ ឈ្មោះ មួង រិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកគេដើរលេង ហើយឈ្មោះមួង រិន ក៍៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយដែរ។
ពេលដែលទូកបានបើកឃ្លាតចេញពីច្រាងទន្លេបានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រ ស្រាប់តែមានខ្យល់បក់ខ្លាំង បណ្ដាលឱ្យទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះវ៉េត ចាន់ភារុន ភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំណុចកើតហេតុ ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន ឱ្យស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀត បានអុំមកពីខាងត្រើយឃុំកោះអន្លងចិន មកជួយធ្វើការសង្គ្រោះ បានឈ្មោះ(មិនស្គាល់) ភេទស្រី១នាក់ទៀត ចំណែកជនរងគ្រោះចំនួន០៣នាក់ទៀតមានឈ្មោះ រិន មករា ភេទប្រុស ឈ្មោះរិន ស្រីអូន ភេទស្រី ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង៕