(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។
សារលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចពញាចក្រី ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្ដ្រទូទៅ សូមព្រះរាជានុញ្ញាតសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្ដុង្គឧត្តមរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ច ដឹកនាំព្រះរាជាណាចក្រកម្ពុជា ឲ្យមានសុខសន្ដិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសកលលោក»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាខួបលើកទី១៤ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩តុលា ២០០៤- ២៩តុលា ២០១៨)។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។
ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤៕