(ឧត្តរមានជ័យ)៖ ដោយមើលឃើញពីសុខទុក្ខរបស់កងទ័ពជួរមុខតាមបន្ទាត់ព្រំដែន ដែលប្រឈមបញ្ហាផ្សេងៗ ពិសេសការឈឺស្កាត់នារដូវរងារ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាវរងាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ទិសទី២យោធភូមិភាគទី៤ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងដើម្បីស្វែងយល់ពីការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធនៅតំបន់នោះ និងធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក្នុងភូមិ អូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយក្រៅពីសួរសុខទុក្ខក៏បានធ្វើការចែកជូនអាវរងាចំនួន៧,២១៤ ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈជើងប្រចាំទិសទី២នេះផងដែរ។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ទៅលើជីវភាពកងទ័ពពីសំណាក់សម្តេចទាំង២ផងដែរ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះការរស់នៅ និងតែងជំរុញដោះស្រាយរាល់បញ្ហារបស់បងប្អូនកងទ័ព។ ក្រៅពីការដំឡើង ប្រាក់បៀវត្សរ៍ជូនបងប្អូនកងទ័ព ជារៀងរាល់ឆ្នាំហើយនោះ សម្តេចក៏តែងតែផ្តល់អាវភ្លៀងនៅរដូវភ្លៀង និងផ្តល់អាវរងានៅរដូវរងាថែមទៀតផង»។
លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ កងកម្លាំងទាំងអស់ត្រូវយកចិត្តអនុវត្តការងារឲ្យបានល្អ ក្តាប់ឲ្យទាន់សភាពការណ៍តាមព្រំដែន។ ក្រៅពីនេះលោកបានដាស់តឿន ឲ្យកងទ័ពទាំងអស់ទទួលទានទឹកដាំពុះ ដេកក្នុងមុងព្រោះ រដូវរងាជិតមកដល់បើមិនប្រុងប្រយ័ត្នបណ្ដាលឲ្យកើតជំងឺដង្កាត់នានា៕