(ភ្នំពេញ)៖ ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានប្រកាសគាំទ្រការប្រើប្រាស់ប្រាក់យ៉ន់នៅកម្ពុជា ទៅលើការទូទាត់, ខ្ចី និងដាក់ប្រាក់បញ្ញើប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។

លោក ចាន់ សុផល អ្នកវិភាគផ្នែកសេដ្ឋកិច្ចឯករាជ្យមើលឃើញថា លំហូរចូលប្រាក់យ៉ន់នៅនេះ ជាសញ្ញាវិជ្ជមានក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ លោក ចាន់ សុផល លើកឡើងថា «ខ្ញុំគិតថាការប្រើប្រាស់ប្រាក់យ៉ន់ នៅកម្ពុជានេះ ផ្ដល់ភាពងាយស្រួល ដល់ជនជាតិចិនទាំងមកទេសចណ៍ និងមកវិនិយោគបើកអាជីវកម្មនៅកម្ពុជា។ មួយវិញទៀតរឹតតែផ្ដល់ភាពងាយស្រួល សម្រាប់កម្ពុជាក្នុងការធ្វើអាជីវកម្មជាមួយចិន»

លោកបន្ដទៀតថា ចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជា ការទូទាត់ប្រាក់យ៉ន់នេះ មិនមានជាបញ្ហាខាតបង់អ្វីឡើយ មានតែចំណេញដល់សេដ្ឋកិច្ចកម្ពុជា ជួយជំរុញឲ្យកាន់តែមានភាពងាយស្រួល ក្នុងការដោះដូររូបិយបណ្ណក្នុងការប្រកបអាជីវកម្មផ្សេង។

សូមជម្រាបថា ថ្មីៗលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការគាំទ្រ ការប្រើប្រាស់ប្រាក់យ៉ន់នៅកម្ពុជា តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី, ការវិនិយោគ និងទេសចរណ៍ជាដើម ឱ្យកាន់តែមានប្រសិទ្ធភាព។

ការប្រកាសគាំទ្រការទូទាត់ ប្រាក់យ័ននៅកម្ពុជានេះធ្វើឡើងក្នុងវេទិកាស្តីពី រូបិយប័ណ្ណយ៉ន់នៅកម្ពុជា រៀបចំឡើងឡើងដោយ ធនាគារចិនសាខាភ្នំពេញ (BOC)។

វេទិកានេះមានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យ៉ន់ ក្នុងតំបន់អាស៊ាន និងកម្ពុជា ព្រមទាំងអត្ថប្រយោជន៍ នៃប្រាក់យ៉ន់ចំពោះសេដ្ឋកិច្ច ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងកើនឡើងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងចិន-កម្ពុជា។

លោក ស៊ុំ សន្និសិទ្ធ គូសបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារចិន២ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ៉ន់គឺ ធនាគារ BOC, ធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា១៣ ផ្សេងទៀតធ្វើប្រតិបត្តិការប្រាក់យ៉ន់។

តាមរយៈនេះវិនិយោគិនពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់, អាចទូទាត់, ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារដែលអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន៕

លោក ចាន់ សុផល