(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ២០១៨ នៅទន្លេវៃគោ ក្រុងស្វាយរៀង ដោយបានបញ្ចប់ទៅដោយជោគជ័យ ដែលមានអ្នកចូលរួមទស្សនាកម្សាន្តជាង១០ម៉ឺននាក់។
ការប្រណាំងទូកនេះ មានទូកចូលរួមប្រណាំងមកពីគ្រប់រាជធានី-ខេត្ត ចំនួន៤៥ទូក និងមានកីឡាករចំនួន១,១៣៥នាក់ ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជា តាមសិលាចារិក នៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។
លោកស្រីបានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះ ហើយទើបយើងមានឱកាស បានបុណ្យធ្វើទានជាពិសេសប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជា ពិធីប្រណាំងទូកដែលបានរៀបចំ នៅខេត្តស្វាយរៀងនាពេលនេះ ធ្វើឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ និងបានដើរលេងកម្សាន្ត ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។
ក្នុងឱកាសនេះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដល់ការរៀបចំពិធីប្រណាំងទូក និងបាននាំកីឡាករទូក និងទូកពីបណ្ដា ២៥រាជធានី-ខេត្ត មកចូលរួមប្រណាំងនាឱកាសនេះ និងបាននាំមកនូវតន្រ្តីស្រុកស្រែរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីចូលរួមអបអរសាទរបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត។
ទន្ទឹមនេះ ក៏លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោកលោកស្រីសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយយរៀង ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានា សប្បុរសជន និងគណៈប្រតិភូជាតិ អន្តរជាតិទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ និងអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយស ក្នុងពិធីប្រណាំង ទូករបស់ខេត្តស្វាយរៀង ដែលធ្វើឲ្យពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម។
លោកស្រីក៏បានអបអរសាទរចំពោះកីឡាករទូក ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភី និងសូមលើកទឹកចិត្តដល់កីឡាករទូក ដែលមិនទទួលបានចំណាត់ថ្នាក់ទាំងអស់ កុំមានការអាក់អន់ចិត្តចំពោះ លទ្ធផលដែលខ្លួនបាន ទទួលគឺត្រូវខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងន័យពង្រឹងការសាមគ្គីភាព និងរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដ៏ល្អប្រពៃ របស់ប្រជាជនកម្ពុជាយើង ដែលមានតាំងពីយូរលង់មក។
សំរាប់លទ្ធផលទូកប្រពៃណីខ្នាតអន្តរជាតិខេត្តស្វាយរៀងឆ្នាំ២០១៨ ដែលទទួលបានចំណាត់លេខ១ បានទៅលើទូកព្រះខណ្ឌមានជ័យបារមីបូព៌ាជារបស់ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលេខ២ ឈ្មោះយុវជនខេត្តស្វាយរៀង ជាទូករបស់ សសយក ខេត្តស្វាយរៀង និងលេខ៣ បានទៅលើទូកឈ្មោះសំរិទ្ធសែនជ័យបារមីតេជោមាស ជាទូករបស់ខេត្តកំពង់ធំ។
ដោយឡែក សម្រាប់ផែនទី២ ទូកលេខ១ បានទៅលើអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ជាទូករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលេខ២ បានទៅលើទូកអធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ ជាទូកកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលេខ៣ បានទៅលើទូកពេជ្រកុមាសែនជ័យ ជាទូកសមាគមខេត្តកណ្តាល។
រីឯលទ្ធផលទូកក្តាបីផ្នែកនារីសន្លឹកលេខ១ បានទៅលើទូកស្រីសរក្លាហានជាទូកសមាគមន៍ខេត្តកណ្តាល។ ផ្នែកបុរសលេខ១ បានទៅលើទូក៧មករាចិត្តតែមួយជាទូកសមាគមខេត្តកណ្តាល និងលេខ២ សាធារណៈការសែនជ័យបារមីព្រះវិស្ហុ ជាទូករបស់មន្ទីរសាធារណការ ខេត្តស្វាយរៀង និងលេខ៣ គឺទូកព្រះខន័មានជ័យ ជាទូករាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងនោះដែរថវិកាដែលទទួលបានក្នុងមួយៗទូក គឺចាត់ចែងទៅតាមចំណាត់ថ្នាក់របស់ទូកនិមួយៗផងដែរ។