(ភ្នំពេញ)៖ អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ នឹងបើកការដ្ឋានដំណើរការសាងសង់នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ ដែលមានទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណជិត៨០លានដុល្លារសហរដ្ឋអាមេរិក ដោយមានបំពាក់នូវ ឧបករណ៍វេជ្ជសាស្ដ្រ និងសម្ភារបរិក្ខាផ្សេងៗព្រមទាំងការបណ្ដុះបណ្ដាល។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំថ្នាក់ដឹកនាំក្រសួង មន្ដ្រីរាជការ និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យព្រះកុសុមៈ អញ្ជើញរៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខ និងសុំបើកផ្លូវពីម្ចាស់ទឹកម្ចាស់ដី មុននឹងរៀបចំពិធីបើកដំណើរការសាងសង់ផ្លូវការនៅព្រឹកស្អែកនេះ។
សូមជម្រាបថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការចាំបាច់ផ្នែកថែទាំសុខភាព ប្រជាពលរដ្ឋដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកគម្រោងស្នើសុំទៅរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលការយល់ព្រមសិក្សាពី គម្រោងនាចុងឆ្នាំ២០១៥កន្លងទៅ ដើម្បីសាងសង់អគារថ្មីតែម្ដង។
អគារមន្ទីរពេទ្យថ្មីនេះ នឹងត្រូវចំណាយពេលសាងសង់រយៈពេល៤០ខែ ដោយអគារត្រូវសាងសង់មានកម្ពស់៥៣ម៉ែត្រ មាន១១ជាន់, អាយុកាលនៃការប្រើប្រាស់៥០ឆ្នាំ, សម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា, ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិនស្របតាមស្ថានភាពជាក់ស្ដែង, បន្ទប់សរុប១៣២បន្ទប់, បង្គន់អនាម័យ២១៩បន្ទប់។
អគារដែលត្រូវសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។
មន្ទីរពេទ្យកុសុមៈ ជាមន្ទីរពេទ្យជាតិសាធារណៈមួយនៅក្នុងរាជធានីភ្នំពេញ ដែលបានកសាងឡើងនាឆ្នាំ១៩៥៣ និងបានសាងសង់រួចជាស្ថាពរ ព្រមទាំងចាប់ផ្ដើមដំណើរការនាឆ្នាំ១៩៥៦ ក្រោមព្រះរាជឧបត្ថម្ភដោយ សម្ដេចព្រះមហាក្សត្រីយ៉ានីព្រះកុសុមៈ ជាព្រះមាតារបស់ព្រះ បរមរតនកោដ្ឋ សម្រាប់ព្យាបាលជំងឺព្រះសង្ឃ និងបានដំណើរការដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មានឈ្មោះដើមថា «មន្ទីរសង្ឃពេទ្យកុសុមៈ» និងបានអាក់ខានដំណើរការក្នុងរបបប៉ុល ពត។
មន្ទីរពេទ្យនេះបានចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៩ ដោយក្រសួងសុខាភិបាល បានកែសមមរួលពីមន្ទីរពេទ្យ សម្រាប់ព្យាបាលព្រះសង្ឃ មកជាមន្ទីរពេទ្យពហុព្យាបាលប្រជាជន និងព្រះសង្ឃ ជាពិសេសជំងឺដែលត្រូវការវះកាត់ដោយក្រសួងតម្រូវឲ្យមន្ទីរពេទ្យរៀបចំជា ២០០គ្រែចែកចេញជាផ្នែក។
បច្ចុប្បន្នមន្ទីរពេទ្យលោកសង្ឃ មានគ្រែព្យាបាលចំនួន៣៥០ និងមានបុគ្គលិកសរុបទាំងអស់ ចំនួន៥៦៣នាក់ ក្នុងនោះស្ដ្រី ចំនួន២៣១នាក់, បុគ្គលិកជាប់កិច្ចសន្យាចំនួន៤០នាក់ និងកម្មករ ចំនួន៧៤នាក់៕