(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ថ្ងៃនេះឆ្នាំនេះជាខួបលើកទី១៤ នៃការទ្បើងគ្រងរាជសម្បត្ដិព្រះករុណា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ។ បានសេចក្ដីថាបើនិយាយពីពិធីរំឭកខួបនេះ គឺក្នុងន័យសំដៅដល់បុព្វហេតុព្រះអង្គ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្ដរបស់ព្រះអង្គដែលសង្គមជាតិយើងបានសម្រេចនូវសមិទ្ធិផលថ្មីៗ ប្រជាពលរដ្ឋរស់ក្នុងសុខសន្ដិភាព និងភាពចម្រុងចម្រើនថ្កុំថ្កើនរុងរឿងទូទំាងប្រទេសហ្នឹងឯង។

ស្ថិតក្នុងន័យនេះដែរ អ្វីដែលសង្គមខ្មែរយើង បានជ្រកក្រោមម្លប់ព្រះមហាក្សត្រដ៏ត្រជាក់យ៉ាងវិសេសវិសាល ដូចយើងកំពុងតែមានមោទនភាពជាតិនេះ លោក រត្ន័ សណ្ដាប់ ក៏បានកត់សម្គាល់ផងដែរ ចំពោះព្រះមហាក្សត្រក្នុងការប្រកាន់នូវគោលការណ៍គ្រឹះទៅដល់ប្រជាជាតិរបស់ព្រះអង្គនោះគឺ៖

ទីមួយ៖ ព្រះអង្គ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនបំផុតនូវអព្យាក្រិតនយោបាយ។ មានន័យថាព្រះអង្គ ពុំកាន់ជើងគណបក្សនយោបាយណាទំាងអស់។

ទីពីរ៖ ព្រះអង្គតំណាងឲ្យនិរន្ដរ៍ភាពជាតិ។ មានន័យថារៀងរាល់នៃការបោះឆ្នោតនីតិកាលនីមួយៗមិនថារដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្រុមប្រឹក្សាខេត្ដ/ក្រុង ឬមិនថាការយាងបើកសម័យប្រជុំនីតិកាលនីមួយៗ នៃរដ្ឋសភា ឬព្រឹទ្ធសភា ជាដើមទេ។ល។ គឺព្រះអង្គ តែងបំពេញជានិច្ច។

ទីបី៖ ព្រះអង្គ ជាអាជ្ញាកណ្ដាលដោយអនុវត្ដតាមស្មារតីរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួនបំផុត។ មានន័យថាព្រះអង្គ តែងបំពេញព្រះរាជតួនាទីជាអាជ្ញាកណ្ដាលស្របតាមរដ្ឋធម្មនុញ្ញ។ ជាក់ស្ដែង ព្រះអង្គ តែងកោះអញើញគណបក្សនយោបាយដែលមានអាសនៈក្នុងសភាមកប្រជុំនៅរដ្ឋសភាជាដើម។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ក៏បានកត់សម្គាល់ផងដែរអំពីព្រះមហាក្សត្រក្នុងការទំនាក់ទំនងការទូត ជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក ពិសេសព្រះអង្គ បន្ដទំនាក់ទំនងការទូតជាមួយមហាមិត្ដចិន បន្ដពីព្រះបិតាព្រះអង្គ ព្រះបរមរតនកោដ្ឋ យ៉ាងប្រពៃបំផុត៕