(ភ្នំពេញ)៖ សិស្សវិទ្យាល័យជប៉ុនចំនួន១៥រូប ដែលជាសមាជិកក្រុមបាល់ទាត់ JFA Academy ប្រចាំខេត្តហ្វូគីស៊ីមា និងអ្នកដឹកនាំចំនួន៣រូប បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអបអរសាទរចំណងមិត្តភាពការទូតរយៈពេល៦៥ឆ្នាំ កម្ពុជា-ជប៉ុន។
ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYES 2018។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ក្រុមកីឡាករវ័យក្មេងរបស់ជប៉ុន នឹងចូលរួមប្រកួតមិត្តភាព ជាមួយក្រុមកីឡាករវ័យក្មេងកម្ពុជា រួមមាន៖
* ប្រកួតមិត្តភាពជាមួយក្រុមកីឡាករបាល់ទាត់កម្ពុជា អាយុក្រោម១៨ឆ្នាំ (U-18) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៥ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិច រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
* នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច និងប្រកួតមិត្តភាព ជាមួយក្រុមកីឡាបាល់ទាត់វិសាខា។
កម្មវិធី JENESYES នេះមានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញ ទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត និងរៀបចំដោយក្រសួងការបរទេសជប៉ុន។
ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុន រំពឹងទុកថា កីឡាករបាល់ទាត់វ័យក្មេងជប៉ុន និងកម្ពុជា នឹងកសាងចំណងមិត្តភាពកាន់តែស៊ីជម្រៅ តាមរយៈការប្រកួតមិត្តភាពនេះ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ ការប្រកួតរវាងយុវជនវ័យក្មេង នៃប្រទេសពីរនេះ គឺបើកឱ្យសាធារណជនចូលរួមដោយសេរី និងមិនគិតថ្លៃផងដែរ៕