(ភ្នំពេញ)៖ ក្រុមទន្តពេទ្យខ្មែរ ដែលមានជំនាញផ្នែកសុខភាព មាត់ធ្មេញ បានប៉ាន់ប្រមាណថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០ភាគរយ កំពុងតែជួបប្រទះបញ្ហាសុខភាពមាត់ធ្មេញ ដោយសារតែការយល់ដឹងពីការថែរក្សាអនាម័យមាត់ធ្មេញ នៅមានកម្រិត។
ការលើកឡើងរបស់ក្រុមទន្តពេទ្យសុខភាពមាត់ធ្មេញកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលមន្ទីរមន្ទីព្យាបាលធ្មេញ យ័រដាន ផេត្រា បានបើកសម្ពោធដាក់ឱ្យដំណើរការ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ១២០ ផ្លូវលេខ៥១ កែងផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទន្តបណ្ឌិត សូវ សុខយី ដែលទទួលបានសញ្ញាបត្រ Oral Implantologist នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត Harvard (អាមេរិក) វិញ្ញាបនប័ត្រ Current Concepts of Implant Dentistry នៅសាកលវិទ្យាល័យញ៉ូយ៉ក (អាមេរិក) និងវិញ្ញាបនប័ត្រផ្សេងៗទៀត ពីតំបន់នៃប្រទេសអឺរ៉ុប និងអាស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជាប្រហែល៥០ភាគរយ កំពុងមានបញ្ហាសុខភាពមាត់ធ្មេញ កត្តាទាំងនេះ ដោយសារតែប្រជាពលរដ្ឋកម្ពុជា ភាគច្រើនមិនសូវយល់ដឹងពីការថែរក្សាអនាម័យមាត់ធ្មេញ ជាពិសេសខ្វះការអប់រំផ្នែក សុខភាពមាត់ធ្មេញ និងវិស័យវេជ្ជសាស្រ្ត ទន្តសាស្រ្តនេះ នៅមានចំណុចខ្វះចន្លោះមួយចំនួនផងដែរ»។
ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនមិនសូវយល់ដឹងពីការថែរក្សាអនាម័យមាត់ធ្មេញនេះហើយ ទើបបានជាក្រុមរបស់លោក សម្រេចដាក់ទុនរួមគ្នាបង្កើតមន្ទីរព្យាលបាលធ្មេញ យ័រដាន ផេត្រា ឡើង ដើម្បីចូលរួមលើកវិស័យស្ទួយសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈសេវាព្យាបាល ប្រកបដោយគុណភាព និងតាមលក្ខណៈស្តងដារបច្ចេកវិទ្យាទំនើប។
លោកបានអះអាងថា មន្ទីរព្យាលបាលធ្មេញ យ័រដាន ផេត្រា បំពាក់សុទ្ធតែឧបករណ៍ទំនើបៗ និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដើម្បីឱ្យអតិថិជន ទទួលបាននូវសុខភាពមាត់ធ្មេញកាន់តែល្អប្រសើរ។ បុគ្គលិកនៃក្រុមគ្រូពេទ្យ នៃផ្នែកវះកាត់ធ្មេញទាំងអស់ គឺពោលពេញទៅដោយ បទពិសោធន៍វិជ្ជាជីវៈខាងផ្នែកទន្តសាស្រ្ត និងជំនាញឯកទេសផ្សេងៗ ទៀតជាច្រើន ដែលរួមបញ្ចូលទៅដោយការវះកាត់ និងព្យាបាលអញ្ចាញធ្មេញ វះកាត់សរសៃធ្មេញ ការដក ការដាក់ធ្មេញ ដាំបង្គោលធ្មេញ (implant)និងការពត់ធ្មេញ។ សេវាកម្មទាំងអស់នេះ ត្រូវបានអនុវត្តលើមនុស្សពេញវ័យ និងកុមារ ហើយដោយមានឧបករណ៍ ប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់ទៅដល់អ្នកជំងឺ។
ទន្ទឹមនឹងនេះដែរលោក សេម ហ៊ន នាយកប្រតិវត្តិ នៃមន្ទីព្យាបាលធ្មេញ យ័រដាន ផេត្រា បានបញ្ជាក់ថា សម្រាប់ទុនវិនិយោគ មន្ទីរព្យាបាលមាត់ធ្មេញនេះ គឺពួកគាត់បានចំណាយទុនលើសកន្លះលានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះ មានសម្ភារគ្រប់គ្រាន់ ដើម្បីបម្រើសេវាជូនអតិថិជន មិនឱ្យខ្វះចន្លោះ។
លោកសង្ឃឹមថា ចំពោះការព្យាបាលដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយនេះ នឹងអាចទាក់ទាញអតិថិជន ឱ្យមកព្យាបាលយ៉ាងច្រើន កុះករផងដែរ។ ជាមួយគ្នានេះដែរក្រុមគ្រូពេទ្យរបស់មន្ទីរព្យាបាល យ័រដាន ផេត្រា នេះគឺជាអ្នកជំនាញខ្មែរទាំងអស់ ដែលមានបទពិសោធន៍យ៉ាងច្រើនឆ្នាំ លើបញ្ហាសុខភាពមាត់ធ្មេញផងដែរ៕