(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងទាំងអស់គ្នា ជាអ្នកបង្កើតសំរាម ពោលគឺកើតចេញពីរបស់របរប្រើប្រាស់ និងការហូបចុក រួចក៏បង្កើតជាសំរាមរឹង ឬសំរាមសើម និងខ្លះទៀតជាសំរាមបង្កឱ្យមានជាតិវិទ្យុសកម្ម ដូចជាថ្មពិល ឬកាកសំណល់គ្រឿងអេឡិចត្រូនិចផ្សេងៗ ព្រោះពេលកប់ចោលយូរៗទៅ និងមានជាតិវិទ្យុសកម្ម អាចបង្កការគ្រោះថ្នាក់ដល់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ហើយដើម្បីសំអាតសំរាមធ្វើឱ្យទីក្រុងរបស់យើងស្អាតបាន ទាល់តែការសំអាតចាប់ផ្តើមពីយើងទាំងអស់គ្នា។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោងស្តីពី ការលើកកម្ពស់ ការចូលរួមរបស់យុវជន ក្នុងការងារអនាម័យសំរាមនៅទីសាធារណៈ នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។ ពិធីនេះដែរក៏មានការចូលរួមពីតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងសិស្សានុសិស្សជាច្រើនផងដែរ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា សំរាមនៅតែជាបញ្ហានៅឡើយព្រោះថា អ្នកបង្កើតមានរាប់សិបនាក់ ក្នុងខណៈដែលមានកម្មករអនាម័យ សំអាតសំរាមចំនួន ៦៧នាក់ ក្នុងក្រុងកំពង់ចាមរបស់យើង។ ដូច្នេះទាល់តែការសំអាត ចាប់ផ្តើមពីយើងម្នាក់ៗ ទៅទើបធ្វើឱ្យទីក្រុងរបស់យើងស្អាតបាន។ ម្យ៉ាងទៀតបើយើងជួយសំអាតទាំងអស់គ្នា បន្តិចម្នាក់ៗ នោះក៏អាចសន្សំថវិការ ដែលបានមកពីការបង់ពន្ធផ្សេងៗ របស់បងប្អូនបានមួយផ្នែក ដែលត្រូវចាយវាយទៅលើកម្មករអនាម័យ ព្រោះថវិកាដែលសាលាខេត្តបានចំណាយទៅលើកម្មករអនាម័យ ក្នុងមួយឆ្នាំអស់ប្រមាណជា ២០លានរៀល បន្ថែមលើកម្មកររបស់ក្រុមហ៊ុន ស៊ិនទ្រី ដែលពួកគេបើកប្រាក់ខែពីក្រុមហ៊ុន ក្នុងការចុះប្រមូលសំរាមតាមផ្ទះរបស់បងប្អូនយើងប្រចាំខែ។
លោកអភិបាលខេត្ត បានបន្តទៀតថា កន្លងទៅនេះអាជ្ញាធរខេត្តក៏បានគិតគូរ និងបានទិញដីសម្រាប់ជាទីកន្លែងចាក់សំរាមប្រមាណជា ១០ហិកតារួចហើយ ទៅថ្ងៃខាងមុខ អាជ្ញាធរខេត្ត និងបន្តខិតខំរកវិធីដើម្បីគ្រប់គ្រងសំរាមកាត់បន្ថយសំរាមតាមទីសាធារណៈ និងឈានទៅរកការឆ្នៃប្រឌិតសំរាម ឱ្យក្លាយទៅជាប្រយោជន៍ផ្សេងៗ សម្រាប់យកមកប្រើប្រាស់វិញផងដែរ។
ជាមួយគ្នានោះ លោក អភិបាលខេត្ត បានអំពាវនាវឱ្យក្រុមយុវជនទាំងអស់ ជួយធ្វើការផ្សព្វផ្សាយពន្យល់ ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ជួយចូលរួមចំនែក សំអាតទីក្រុងរបស់យើងទាំងអស់គ្នា៕