(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចសង្ឃ ជួន ណាត ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋចូលរួមកម្សាន្ដ សប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ដោយមានការបាញ់កាំជ្រួច និងសម្ដែងសិល្បៈគ្រប់ទាំង០២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូក និងសម្ដែងសិល្បៈកម្សាន្ដនេះ ដើម្បីចូលរូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវ និងលើកលើកទឹកចិត្ត ក៏ដូចជាផ្តល់កម្លាំងចិត្តដល់អ្នកប្រណាំងទូកទាំងអស់ ដែលនឹងចូលរួមការប្រកួតនេះ ត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជម្នះ ហើយសូមប្រជាពលរដ្ឋកុំភ្លេចចូលរួមកម្សាន្ដសប្បាយឲ្យបានច្រើនកុះករទាំងអស់៕