(កោះកុង)៖ រថយន្តចំនួន៣គ្រឿង បានបើកបរក្នុងល្បឿងលឿន បានជ្រុទៅបុកបន្តកន្ទុយគ្នា លាន់ស្នូរដូចរន្ទះ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចគីឡូម៉ែតលេខ១៨ ស្ថិតក្នុងភូមិតាធង ឃុំដង​ពែង​ ស្រុក​ស្រែអំបិល ខេត្តកោះកុង។

នគរបាលចរាចរខេត្តកោះកុង បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង រវាងរថយន្តបីគ្រឿងបើកបុកគ្នាបន្តកន្ទុយគ្នានេះ មានរថយន្តម៉ាក Ford ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-6156 និងរថយន្តម៉ាកកូរូឡាពាក់ស្លាកលេខ សៀមរាប 2A-0034 និងរថយន្តដឹកដីកូរ៉េ ពាក់ស្លាកលេខ ​កោះ​កុង 3A-0567។ គ្រោះថ្នាក់ចរាចណ៍ខាងលើនេះបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ (ភេទស្រី) តែខាងភាគីរថយន្តពីរគ្រឿងទៀត មិនមានរងរបួសឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក រីឯរថយន្តកំពុងយកមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង។ សមត្ថកិច្ចសូមឱ្យបងប្អូនណាស្គាល់គាត់ជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់ផង៕