(កំពង់ធំ)៖ ដើម្បីបន្តបម្រើប្រជាពលរដ្ឋអស់ពីទឹកចិត្ត មិនគិតពីថ្ងៃឈប់សម្រាក នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ចំនួន១គ្រួសារទៀត ដែលរស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
អ្នកស្រី ជា រី អាយុ៥៤ឆ្នាំ ស្វាមីស្លាប់ចោលដោយសារត្រូវខ្យល់ព្យុះរំលំផ្ទះសង្កត់លើ បណ្តាលឲ្យបែកក្បាលនិងបាក់ជើង កាលពីឆ្នាំ២០១៥ ហើយត្រូវបន្តព្យាបាលដល់ឆ្នាំ២០១៧ ទើបទទួលមរណភាព។ ក្រោយពេលទទួលមរណភាព ស្វាមីគាត់បានបន្សល់មរតកឲ្យគាត់ សម្រាប់សងថ្លៃជំពាក់មីក្រូហិរញ្ញវត្ថុឯកជន ក្នុងមួយខែចំនួន៣០០,០០០រៀល។
បច្ចុប្បន្នអ្នកស្រី ជា រី បានចិញ្ចឹមចៅកំព្រាម្នាក់នៅក្នុងបន្ទុក រស់នៅក្នុងខ្ទមកំសត់បែកបាក់ដំបូលប្រក់ស្លឹកត្នោតធ្លុះធ្លាយ ដោយប្រកបរបរបេះត្រកួនលក់ និងជួយលក់អីវ៉ាន់ឲ្យគេ ដោយគេឲ្យប្រាក់ឈ្នួលក្នុងមួយថ្ងៃ៥,០០០រៀល ហើយពេលខ្លះបានធ្វើ ពេលខ្លះមិនបានធ្វើ។
អ្នកស្រីមានកូនចំនួន៥នាក់ ខណៈកូន៤នាក់ មានគ្រួសារមិនដឹងជាទៅរស់នៅទីណា មិនដែលមកជួបមុខគាត់ឡើយ។ រីឯកូនស្រីម្នាក់ទៀត កំពុងធ្វើការនៅរោងចក្រនៅរាជធានីភ្នំពេញ ជួនកាលបានផ្ញើប្រាក់មកគាត់១០០ដុល្លារអាមេរិក តែខែខ្លះមិនបានផ្ញើ ត្រូវបង្ខំឲ្យគាត់ខិតខំរកប្រាក់ដោយស៉ីឈ្នួលគេផ្សេងៗ ឬបេះក្រកួនលក់ ដើម្បីបានប្រាក់មកសងធានាគារ មីក្រូហិរញ្ញវត្ថុឯកជន។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនគាត់រួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកត្រី និងទឹកស៊ីអ៉ីវ២យួរ និងថវិកាចំនួន១០០,០០០រៀលផងដែរ៕