(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរបស់លោកស្រី នៅក្នុងប្រទេសកម្ពុជា។

លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា១ថ្ងៃ មុនពេលកំណត់នៃការបំពេញទស្សនកិច្ច១១ថ្ងៃ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១១ថ្ងៃនេះ អ្នកជំនាញរូបនេះគ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។

អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំងលោកស្រី នៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញា ឆ្នាំ២០១៩។

សេចក្តីប្រកាសបានឱ្យដឹងថា អ្នកជំនាញរូបនេះ នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន ដោយមានសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីរបកគំហើញបឋម នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នៅវេលាម៉ោង ០៣៖០០រសៀល (ម៉ោងក្នុងស្រុក) នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕