(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សេង សាម៉ន ប្រធានមន្ទីសម្រាកព្យាបានកុមារផ្កាឈូក បានថ្លែងថា ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខួរក្បាលរបស់កុមារព្រោះពួកគាត់មានឥទ្ធិពលទាំងផ្នែក ជីវសាស្រ្ត និងសង្គមសាស្ត្រទៅលើកូនរបស់គាត់ បើសិនជាម្តាយរងផលប៉ះពាល់ផ្លូវចិត្តពេលមានផ្ទៃពោះ នោះកូនកើតមកអាចប្រឈមនឹងបញ្ហាផ្លូវចិត្តដូចទៅនឹងម្តាយដែរ។
វេជ្ជបណ្ឌិត សេង សាម៉ន បានថ្លែងយ៉ាងដូចនេះនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាស្ដីពីសុខភាពកុមារ ក្រោមប្រធានបទសុខភាព និងការអភិវឌ្ឍន៍ខួរក្បាលកុមារ។ នៅក្នុងសិក្ខាសាលានោះដែរ ក៏មានការចូលរួមពីវាគ្មិន លោកស្រី សរ ម៉ុន្ថា នាយិការសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា វាគ្មិន ព្រះភិក្ខុមុនីបុត្តោ សុខ ធាវី សាស្រ្តាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងបុគ្គលិកវិទ្យុផ្កាឈូក និងមាតា បិតា សិស្ស និស្សិតជាង៤០០នាក់ផងដែរ នៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងថា កាលណាម្តាយដែលកំពុងមានផ្ទៃពោះ យើងត្រូវតែយកចិត្តទុកដាក់លើគាត់ឱ្យបានខ្លាំងជាទីបំផុត ធ្វើយ៉ាងណាឱ្យគាត់មានអារម្មណ៍ល្អ គ្រប់ពេលវេលា ព្រោះអារម្មណ៍ម្តាយ វាអាចភ្ជាប់ទំនាក់ទំនងជាមួយកូននៅក្នុងផ្ទៃពោះរបស់គាត់ ជាក់ស្តែង បើសិនជាម្តាយមានអារម្មណ៍មិនល្អ គាត់មានជម្លោះជាមួយអ្នកណាម្នាក់ មានអារម្មណ៍ខឹង គាត់មិនហូបអាហារ ទាំងអស់នេះហើយវានឹងធ្វើឱ្យមានផលប៉ះពាល់ដល់កូនរបស់គាត់នៅក្នុងផ្ទៃពោះ ព្រោះខួរក្បាលរបស់កូន ដែលម្តាយមានបញ្ហាផ្លូវចិត្ត ភាគច្រើនគឺមិនសូវខុសនឹងម្តាយទេ នៅពេលកើតមកអាចមានបញ្ហាផ្លូវចិត្ត ដូចនឹងម្តាយដែរ ហើយកូនកើតមកអាចនឹងមិនគ្រប់គីឡូថែមទៀតផង។
លោកបានបញ្ជាក់ទៀតថា ជាទូទៅក្នុងបរិបទសង្គមកម្ពុជា ឪពុកម្ដាយ តែងតែចិញ្ចឹមបីបាច់កូនតាមបែបធម្មជាតិ គឺមានន័យថា បើកូនកើតមកយ៉ាងណា គឺចិញ្ចឹមតាមសមត្ថភាពទេពកោសល្យរបស់ពួកគេ ហើយឱពុកម្តាយ គឺដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលកុមារ ហើយចំពោះកុមារនៅតួចៗ គឺអាចប្រឈមជាមួយនឹងជំងឺជាច្រើន ដែលបង្កជាហានិភ័យខ្ពស់ ដល់ការលូតលាស់របស់ពួកគេ ពិសេសគឺការអភិវឌ្ឍន៍ខួរក្បាល ប៉ុន្តែបញ្ហាទាំងអស់នេះ អាចលុបបំបាត់ ឬកាត់បន្ថយបានអាស្រ័យទៅលើការយល់ដឹង របស់មាតាបិតាក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន។
លោក សេង សាម៉ន បានឱ្យដឹងទៀតថា « ដើម្បីឱ្យមានសុខភាពល្អទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ទាំងការលូតលាស់ល្អនៃខួរក្បាលរបស់កូន ឱពុក ម្ដាយគួរតែយល់ដឹងអំពីថា តើរបៀបណាក្នុងការថែរក្សាកូន ដូចជា ទី១៖ បង្រៀនកូនតាំងពីនៅក្នុងផ្ទៃពោះ ទី២៖ ត្រូវដឹងឬស្គាល់ពីការលូតលាស់របស់កូន ទី៣៖ ឱពុក ម្ដាយ ត្រូវមានភាពវៃឆ្លាតក្នុងការជ្រើសរើសស្ថាប័នក្នុងការអប់រំកូន ទី៤៖ ដើម្បីបង្រៀនកូនឱ្យមានខួរក្បាលល្អ ឱពុកម្តាយ ត្រូវបង្រៀនខ្លួនឯងឱ្យមានខួរក្បាលល្អផងដែរ ដោយកុំបង្ហាញភាពអវិជ្ជមានជាច្រើនចំពោះមុខកូន»។
លោកស្រី សរ ម៉ុន្ថា បានឱ្យដឹងថា ទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខួរក្បាល ពិតជាមានសារៈសំខាន់ដូចៗគ្នា ដូច្នេះហើយ ឱពុកម្តាយ ត្រូវតែចេះជាចាំបាច់ក្នុងការថែរក្សាកូនតូច និងបណ្តុះពួកគេឱ្យអាចប្រើប្រាស់ខួរក្បាលពិសេសរបស់ពួកគេ ជាពិសេសផ្នែកខាងស្តាំ។ លោកស្រីថា យើងទម្រាំបានកូនម្នាក់ៗ ឱ្យបានក្លាយជាមនុស្សល្អ មនុស្សដែលមានគុណភាព ហើយមានភាពវៃឆ្លាតនោះ មិនមែនជារឿងងាយស្រួលនោះទេ។ ដូចនេះហើយយើងជាឱពុកម្តាយ សំខាន់ណាស់នៅក្នុងការផ្តល់ការយកចិត្តទុកដាក់ ហើយដឹងពីវិធីសាស្ត្រដែលយើងអាចជួយគាត់បានគឺពិតជារឿងល្អណាស់៕