(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលមានជម្លោះដីធ្លីជាយូរឆ្នាំ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បានគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នតុលាការរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី រហូតទទួលបានយុត្តិធម៌ពិតប្រាកដ ពោលត្រូវបានតុលាការចេញសាលក្រមប្រកាសឲ្យតំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋជាង១០គ្រួសារ ឈ្នះក្តី ក្រោយតស៊ូអស់រយៈពេល ជាយូរឆ្នាំមកនោះ។

សូមបញ្ជាក់ថា ជម្លោះដីធ្លីដែលបានអូសបន្លាយយូរឆ្នាំខាងលើនេះ បានកើតឡើងដែលមានជនត្រូវចោទម្នាក់ ឈ្មោះ សាយ សូ ខណៈកំពុងជាប់ពន្ធធានាគារព្រៃសនៅឡើយ ហើយឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ កំពុងរត់គេចខ្លួន។

កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ភាគីម្ចាស់ដីពិតប្រាកដគឺលោក ជៀម ហៃ និងប្រជាពលរដ្ឋជាង១០គ្រួសារ ដែលបានលក់ដីឲ្យទៅឈ្មោះ លី ផេង ពិតប្រាកដ បាននិយាយថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ស្របតាមច្បាប់ដូចប្រជាពលរដ្ឋដ៏ទៃៗទៀតដែរ ប៉ុន្តែអកុសលមានដីលក់បន្តិចបន្តួចហើយ បែរជាជួបបញ្ហារឿងក្ដីចឹងទៅវិញ។

កាលពីពេលកន្លងទៅ ក្រសួងមហាផ្ទៃ បានចេញលិខិតផ្ញើជូនអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ករណីទំនាស់ដីធ្លីមួយនេះ ខណៈកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ស្ថាប័នតុលាការនៅឡើយ ហើយក្រសួងមហាផ្ទៃ ក៏បានធ្វើការណែនាំទៅរដ្ឋបាលខេត្តកំពង់ឆ្នាំងរួមមាន៖

*ទី១៖ ខិតខំប្រឹងប្រែង អនុវត្តន៍ការងារជាមួយគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្តឲ្យប្រសើរ
*ទី២៖ ផ្អាករាល់ការចេញលិខិតផ្សេងៗ របស់រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធនឹងដីទំនាស់នោះ ដោយរង់ចាំចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញជាមុនសិន
*ទី៣៖ ណែនាំកុំឲ្យអាជ្ញាធរភូមិ-សង្កាត់ ក្រុង ចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិដីធ្លីដែលមានទំនាស់ទៅឲ្យទៅតតីយជនផ្សេង ដោយរងចាំចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញជាមុនសិន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៣៧គ្រួសារដែលរស់នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរងគ្រោះដោយសារទិញដីចំម្ចាស់ក្លែងក្លាយ។ ប្រជាពលរដ្ឋមួយចំនួនតូច បានលើកឡើងថា ដីដែលពួកគាត់ បានទិញមិនគួរជួបរឿងបែបនេះឡើយ ខណ:ពួកគាត់បានទិញដីនេះពីឈ្មោះ អៀ គុយម៉ុង ដែលគេអះអាងថា ឈ្មោះអៀ គុយម៉ុង បានទិញដីនេះពីឈ្មោះ ជៀម ហៃ និងមានក្រុមគ្រួសារ
សាច់ញាតិរបស់លោកជៀម ហៃ ចំនួនជាង១០គ្រួសារ។

ប៉ុន្តែរឿងរ៉ាវពិតគឺលោក ជៀម ហៃ បានបញ្ជាក់ហើយថា គាត់មិនបានលក់ដីឲ្យទៅឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ នោះទេ គឺឈ្មោះ អៀ គុយម៉ុង គ្រាន់តែជាតំណាងឲ្យឈ្មោះ លី ផេង ដូចមានឯកសារ ដែលទទួលស្គាល់ពីអាជ្ញាធរ ភូម-ឃុំ។

រឿងរ៉ាវដីធ្លីនេះ ស្ថិតនៅចំណុចចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំងនេះ ដែលប្រជាពលរដ្ឋខ្លះ បានលក់ទ្រព្យសម្បត្តិ ដែលខំសន្សំជិតពាក់កណ្ដាលជីវិត និងអ្នកខ្លះទៀតខ្ចីលុយ ចងការពីធនាគារ ទៅទិញដីឡូត៍នៅចំណុចខាងលើក្បាលដី ៥ម៉ែត្រ គុណ២៧ម៉ែត្រ តម្លៃ៥២០០ដូល្លារ និងអ្នកខ្លះទៀត បានចំណាយលុយស្ទើតែអស់រលីងពីខ្លួន ដោយអ្នកខ្លះអស់១២,០០០ដុល្លារ និងអ្នកខ្លះទៀតអស់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញដីដែលមានឈ្មោះ អៀ គុយម៉ុង (ហៅក្ដាន់) ពុះដាក់លក់ ដោយមានអាជ្ញាធរភូមិ និងសង្កាត់ដឹងឮត្រឹមត្រូវផងដែរ តែត្រូវបានគេអះអាងថា ទិញដីប៉ះចំម្ចាស់ក្លែងក្លាយ។

កាលពីពេលកន្លងទៅនោះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចឲ្យលោក លី ផេង ជាអ្នកឈ្នះក្តី។ យោងតាមសេចក្តីសម្រចរបស់ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ ដោយសម្រេចថា៖ ទី១៖ទទួលស្គាល់ឈ្មោះ លី ផេង ជាម្ចាស់កម្មសិទ្ធលើដីទំហំ ៥៧,៩៥៣ ម៉ែត្រការ៉េ មានព្រុំប្រទល់
*ខាងជើងទល់នឹងដីឈ្មោះ ចាប រ៉េត ឈ្មោះ លាស់ យ៉ាន់ ឈ្មោះ ជៀម យឹម
*ខាងត្បូងទល់នឹង ឈ្មោះ ស្វាយ សយ
*ខាងកើតទល់នឹងមាត់ទន្លេ
*ខាងលិចទល់នឹង ថ្នល់ព្រះរាម ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ទី២៖ ឲ្យចុងចម្លើយឈ្មោះ អៀរ គុយម៉ុង សងសំណងការខូចខាត និងសំណងជំងឺចិត្តចំនួន៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) ទៅដើមចោទឈ្មោះ លី ផេង ការទាមទារលើសពីនេះច្រានចោល
ទី៣៖ ឲ្យចុងចម្លើយឈ្មោះ អៀរ គុយម៉ុង ទទួលបន្ទុកលើប្រាក់ប្រដាប់ក្តី៕