(កំពង់ធំ)៖ ថ្នាក់ដឹកនាំខេត្តកំពង់ធំដឹកនាំដោយលោក សុខ លូ អភិបាលខេត្ត និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ការទទួលមរភាពរបស់ លោក ជា ម៉ន គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ចំពោះបុត្រធីតា និងចៅៗ ហើយក៏ជាការបាត់បង់នូវវីរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលក្នុងឆាកជីវិតរបស់លោក ជា ម៉ន បានពុះពារការលំបាកគ្រប់បែបយ៉ាង រួមចំណែកយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ និងប្រជាជន តាមរយៈការចូលរួមក្នុងចលនាតស៊ូរំដោះជាតិ និងការពារយ៉ាងរឹងមំានូវបូរណភាពទឹកដីនៃកម្ពុជា។ ស្នាដៃ និងគំរូវីរភាពដ៏អង់អាចរបស់លោក ជា ម៉ន ទទួលបាននូវការគោរព កោតសរសើរ និងសាទរពីសំណាក់ពលទាហាន នាយទាហាន និងកងកម្លំាងប្រដាប់អាវុធជាតិគ្រប់លំដាប់ថ្នាក់។
ជាមួយគ្នានោះដែរ លោក សុខ លូ និងលោក ឈុន ឈន់ ព្រមថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្តកំពង់ធំ បានចូលរួមរំលែកទុកយ៉ាងក្រៀមក្រំបំផុតនេះជាមួយ លោកស្រី មាស សន និងក្រុមគ្រួសារ ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ជា ម៉ន បានសោយសុខក្នុងសុគតិភព។
សពរបស់លោក ជា ម៉ន ត្រូវបានតម្កល់ទុកនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕