(ភ្នំពេញ)៖ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅក្រុមហ៊ុន Manulife ឲ្យដឹងថា យោងតាមអង្គការសុខភាពពិភពលោក (WHO) បង្ហាញថា បច្ចុប្បន្ននេះជំងឺសរសៃឈាមបេះដូង ជាឃាតកដ៏ធំបំផុត លើសាកលលោកដែលសម្លាប់មនុស្សចំនួន១៧.៥លាននាក់រៀងរាល់ឆ្នាំ និង៤,៨០០០នាក់ជារៀងរាល់ថ្ងៃ។
ការលើកឡើងបែបនេះរបស់អគ្គនាយកប្រតិបត្តិរូបនេះ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុន Manulife ពិនិត្យសុខភាពបេះដូងឥតគិតថ្លៃ ដល់ពលរដ្ឋកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។
កម្មវិធីសប្បុរសធម៌របស់ Manulifeនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង ពីបញ្ហាសុខភាពក៏ដូចជាសំរួលនូវរាល់ការចំណាយថវិកា និងកាត់បន្ថយពេលវេលាដល់ពលរដ្ឋទូទៅ ក្នុងការមកពិនិត្យពិគ្រោះយោលបល់ ពីបញ្ហាជំងឺបេះដូងនេះ។
ក្នុងនោះក៏មានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យឆ្នើមប្រចាំកម្ពុជាផ្នែកបេះដូងគឺលោកសាស្រ្ដាចារ្យបណ្ដិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងលោកវេជ្ជបណ្ឌិត ថេង យូរដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្រ្ដទូទៅ និងជំងឺបេះដូងនៃមន្ទីរពេទ្យកាលម៉ែត្រ ព្រមទាំងក្រុមគ្រូពេទ្យផ្សេងៗជាច្រើនទៀត។
លោក Robert Elliott បានថ្លែងថា «ជំងឺសរសៃឈាមបេះដូងជាមូលហេតុធំទី២ នៃមរណភាព និងពិការភាពនៅកម្ពុជា ដោយក្នុងនោះ២៤% នៃអត្រាមរណភាពសរុបនៅកម្ពុជាបណ្ដាលមកពី ជំងឺសសៃឈាមបេះដូង»។
លោកបន្ដទៀតថា បើយោងតាម WHO ឲ្យដឹងថា ប្រជាជនកម្ពុជាជាង៩០% និងមានអាយុលើសពី១៨ឆ្នាំ មានភាពសកម្មនៃរាងកាយ ដូច្នេះអត្រានៃការកើតជំងឺនេះក៏មានតិចផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណា ពលរដ្ឋគ្រប់រូបគួរតែ ថែរក្សាសុខភាពឲ្យបានល្អ រស់នៅស្អាត និងបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងអំពីជំងឺនេះ។
លោកបន្ថែមថា ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនធានារ៉ាបរងអាយុជីវិតធំលំដាប់អន្ដរជាតិមួយ ហើយក្រុមហ៊ុនមានឆន្ទៈក្នុងការជួយសម្រេចចិត្ត របស់ប្រជាពលរដ្ឋកម្ពុជាកាន់តែងាយស្រួលជាងមុន និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ លើសពីនេះ Manulife ធ្លាប់បានប្រកាសជាផ្លូវការ ក្នុងការចំណាយរាល់ការពារជំងឺធ្ងន់ធ្ងររហូតដល់១០ម៉ឺនដុល្លារ ក្នុងនោះក៏មានជំងឺបេះដូងផងដែរ។
លោកសាស្រ្ដាចារ្យបណ្ឌិត សុខ ជួរ ក៏បានណែនាំឲ្យប្រជាពលរដ្ឋថែមទាំងសុខភាពឲ្យបានល្អ។ លោកឲ្យថា ការបរិភោគអាហារមួយចំនួនក៏អាចបណ្ដាលឲ្យ ប៉ះពាល់សុខភាព និងកើតជំងឺសសៃឈាមបេះដូងដែរ ដូចជាអាហារនាំចូលពីបរទេស (Fast Food), ការជក់បារី, ការពិសារគ្រឿងស្រវឹងច្រើន បណ្ដាលឲ្យឡើងសម្ពោធឈាម និងជំងឺបេះដូងផ្សេងៗ។
លោកសាស្រ្ដាចារ្យបណ្ឌិតបន្ដទៀតថា កត្តាមួយទៀតគឺនៅពេលបងប្អូនប្រជាពលរដ្ឋ វាសឈាមលើសពី១៤០លើ៩០ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីប្រឹក្សាទទួលបាការព្យាបាល ហើយគ្រូពេទ្យដែលអាចព្យាបាលជំងឺលើសឈាមគឺ គ្រូពេទ្យផ្នែកបេះដូងសសៃឈាម ដាចខាត់កុំរង់ចាំដល់ជំងឺនេះបញ្ជេញរោគសញ្ញាធ្ងន់ធ្ងរឲ្យសោះ ព្រោះបណ្ដាលឲ្យបំផ្លាញសេដ្ឋកិច្ចក្នុងគ្រួសារច្រើន៕