(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ហាញនូវរូបភាពអនុស្សាវរីយ៍មួយសន្លឹក ដែលសម្ដេចអះអាងថា សម្ដេចមិនដែលបានឃើញទាល់តែសោះ ហើយកាលនោះសម្ដេចនៅជារដ្ឋមន្ដ្រីក្រសួងការបរទេស នាឆ្នាំ១៩៨០។
ជាមួយនឹងរូបភាពមួយសន្លឹកដែលពាក់អាវពណ៌ស ខោខ្មៅ និងពាក់ស្បែកជើងផ្ទាត់នោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងថា រូបភាពនេះ សម្ដេចត្រូវបានគេថត កាលពីពេលដែលសម្ដេចទៅលេងផ្ទះរបស់មិត្តភ័ក្រ គឺលោក ស៊ិន សុង ដែលកាលនោះ គឺជាអនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ស្បែកជើងផ្ទាត់សម្រាប់រដ្ឋមន្រ្តីវ័យក្មេងនាសម័យនោះ បានបន្សល់ទុកឲ្យយើង ធ្វើការប្រៀបធៀបនាពេលបច្ចុប្បន្ននេះ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានឃើញរូបថតខ្ញុំដោយចៃដន្យ ដែលរូបថតនេះ ខ្ញុំមិនដែលឃើញសោះ។ ខ្ញុំនៅចាំបានថា ខ្ញុំទៅលេងផ្ទះមិត្តរបស់ខ្ញុំ គឺឯកឧត្តម ស៊ិន សុង ដែលពេលនោះគាត់ជាអនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯខ្ញុំជារដ្ឋមន្ត្រីក្រសួងការបរទេសនាឆ្នាំ១៩៨០។ ស្បែកជើងផ្ទាត់ សម្រាប់រដ្ឋមន្រ្តីវ័យក្មេងនាសម័យនោះ បានបន្សល់ទុកឲ្យយើងធ្វើការប្រៀបធៀបនាពេលបច្ចុប្បន្ននេះ»៕