(តាកែវ)៖ លោក ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាទី បានចុះទៅសម្ពោធប្រគល់ផ្លូវបេតុង១ខ្សែ ប្រវែង១គីឡូម៉ែត្រ ជូនប្រជាជននៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី។
ការប្រគល់ផ្លូវបេតុងជូនប្រជាជន ក្នុងភូមិត្រពាំងឬស្សីនេះ គឺជាការលើកទឹកចិត្តដល់ប្រជាជន ដែលបានចេញទៅបោះឆ្នោតមានចំនួន៩៤,២៦ភាគរយ នៃប្រជាជនសរុប និងបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា រហូតដល់ទៅ៨៦,៣៣ភាគរយ ដែលលទ្ធផលនេះ បានរួមចំណែកធ្វើឱ្យចំនួនអ្នកទៅបោះឆ្នោតនៅស្រុកបាទីមានរហូតដល់ទៅ៩០,២៩ភាគរយ ហើយបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាមានចំនួន៨២,២៨ភាគរយ នៃសន្លឹកឆ្នោតបានការ។ នេះគឺជាផ្លូវបេតុងទី៣ ក្នុងចំណោមផ្លូវបេតុង២៣ខ្សែ ដែលលោកតំណាងរាស្រ្ត ជា វ៉ាន់ដេត បានសន្យាផ្តល់ជូនប្រជាជន នៅស្រុកបាទី។
នៅក្នុងពិធីសំណេះសំណាលនោះ លោកតំណាងរាស្រ្ត ជា វ៉ាន់ដេត បានបញ្ជាក់ជូនប្រជាជនយ៉ាងច្បាស់ថា មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលអាចរំលត់បាននូវសង្គ្រាមបែកបាក់នៅកម្ពុជា និងជាអ្នកដែលអាចធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជារៀងរហូត ហើយជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺជាជ័យជម្នះរបស់ប្រជាជនទាំងអស់គ្នា។
ក្រៅពីសម្ពោធផ្លូវបេតុងនេះ លោក ជា វ៉ាន់ដេត ក៏បានចុះទៅពិនិត្យផលប៉ះពាល់ក្រោយទឹកជំនន់ជាមួយថ្នាក់មូលដ្ឋាន ថ្នាក់ស្រុក និងក្រុមការងារចុះជួយឃុំ នៅក្នុងឃុំក្រាំងលាវ ឃុំត្រពាំងក្រសាំង និងឃុំចំបក់ ដើម្បីត្រៀមជួសជុលឡើងវិញ ព្រមទាំងចុះទៅពិនិត្យផ្ទះប្រជាពលរដ្ឋ ដែលបានទទួលរងផលប៉ះពាល់ដោយសារព្យុះភ្លៀងនៅក្នុងឃុំក្រាំងធ្នង់ផងដែរ៕