(វូចូវ, ចិន)៖ ទីក្រុងវូចូវ ខេត្តក្វាងស៊ី ប្រទេសចិន ជាតំបន់កែច្នៃ និងចែកចាយគ្រឿងអលង្ការដ៏ធំមួយរបស់ប្រទេសចិន។ ដើម្បីជំរុញឧស្សាហកម្មកែច្នៃគ្រឿងអលង្ការ ដែលភាគច្រើនធ្វើពីពេជ្រ និងត្បូងមានតម្លៃនេះ ក្រុងវូចូវតែងបានរៀបចំពិធីបុណ្យគ្រឿងលអង្ការជារៀងរាល់ឆ្នាំ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រុងវូចូវ បានរៀបចំពិធីបុណ្យគ្រឿងអលង្ការជាលើកទី១៥ របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងក្រុងវូចូវផងដែរ។ ជាពិសេសនៅក្នុងពិធីនោះមានការចូលរួមពីអ្នករកស៊ីទិញលក់ និងកែច្នៃគ្រឿងអលង្ការជាច្រើននៅក្នុងសណ្ឋាគារដ៏ទំនើបមួយកណ្តាលក្រុងវូចូវ។
គណៈប្រតិភូព័ត៌មានកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងវូចូវ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។ ក្នុងពិធីបុណ្យនោះ គេក៏បានរៀបចំពិធីតាំងបង្ហាញគ្រឿងអលង្ការដ៏ធំមួយ ដោយមានគ្រឿងអលង្កការមានតម្លៃធ្វើពីពេជ្រ ធ្វើពីត្បូងមានតម្លៃថ្លៃៗជាច្រើន។ ពិព័រណ៍នេះ ក៏មានគ្រឿងអលង្ការកែច្នៃតម្លៃធូរថ្លៃជាច្រើនត្រូវបានតាំងបង្ហាញផងដែរ។
លោកស្រី Qin Xing ប្រធានការិយាល័យអភិវឌ្ឍន៍ឧស្សាហកម្មត្បូងក្នុងក្រុងវូចូវ បានប្រាប់គណៈប្រតីភូព័ត៌មានរបស់កម្ពុជាឲ្យដឹងថា ពិធីបុណ្យគ្រឿងអលង្ការ ក៏ដូចជាការដាក់តាំងបង្ហាញគ្រឿងអលង្ការនេះ គឺជាចលនាមួយជំរុញឧស្សាហកម្មត្បូងនៅក្នុងប្រទេសចិន ក៏ដូចជាក្រុងវូចូវឲ្យមានសកម្មភាពកាន់តែល្អប្រសើរថែមទៀត។
លោកស្រី បានឲ្យដឹងថា ពិធីតាំងពិព័រណ៍គ្រឿងអលង្ការនៅឆ្នាំនេះមានរយៈពេល៣-៤ថ្ងៃ ហើយមានក្រុមហ៊ុនចូលរួមរហូតដល់ទៅ ៦០០ក្រុមហ៊ុន ដែលមានក្រុមហ៊ុនមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងស្រីលង្ការចូលរួមផងដែរ។ ពិព័រណ៍នេះ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋចិន និងអ្នករកស៊ីលើគ្រឿងអលង្ការនេះ។
លោកស្រី Qin Xing បានឲ្យដឹងថា ក្នុងពិធីតាំងពិព័រណ៍គ្រឿងអលង្ការកាលពីឆ្នាំ២០១៧ ទទួលបានអ្នកចូលរួមទស្សនាប្រមាណជា ៣លាននាក់។ លោកស្រី បានអះអាងថា ត្បូង ពេជ្រ ដែលបានកែច្នៃជាគ្រឿងអលង្ការ គឺត្រូវបានយកមកពីគ្រប់ទីកន្លែងនៅក្នុងប្រទេសចិន ហើយមានត្បូងមានតម្លៃខ្លះក៏យកមកពីក្រៅប្រទេសផងដែរ។
បើតាមលោកស្រី Qin Xing បានឲ្យដឹងថា ក្រុងវូចូវជាទីក្រុងកែច្នៃត្បូងដ៏ធំនៅក្នុងប្រទេសចិន ក៏ជាកន្លែងចែកចាយដ៏ធំផងដែរ។ លោកស្រី ក៏បានឲ្យដឹងដែរថា ក្នុងមួយឆ្នាំៗថវិកាប្រមាណជាង ៣ពាន់លានយ័ន្តស្មើនឹងជាង ៤០០លានដុល្លារអាមេរិក ត្រូវបានប្រើសម្រាប់កែច្នៃគ្រឿងអលង្ការ ហើយត្រូវបាននាំចេញទៅក្រៅប្រទេសជាង ៨០ភាគរយ។
លោកស្រី Qin Xing ក៏បានប្រកាសស្វាគមន៍ក្រុមហ៊ុនគ្រឿងលអង្ការរបស់កម្ពុជា ដែលចង់ចូលរួមពិព័រណ៍គ្រឿងអលង្ការនៅទីក្រុងវូចូវនាឆ្នាំក្រោយៗទៀតផងដែរ៕