(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ក្លឹបអ្នកកាសែតកម្ពុជា បានសហការជាមួយអង្គការខាណា រៀបចំសិក្ខាសាលាស្តីពី «ការពិភាក្សាពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រោះញៀន»។
កម្មិវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា, លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា រួមទាំងអ្នកសារព័ត៌មានមកពីអង្គភាព និងស្ថាប័ននានា យ៉ាងច្រើនកុះករផងដែរ។
កម្មវិធីនេះមានគោលបំណង ឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សាយព័ត៌មានគ្រប់ទម្រង់ទាំងសារព័ត៌មានក្រៅប្រព័ន្ធអ៊ីនធឺណីត (offline News) និងសារព័ត៌មានក្នុងប្រព័ន្ធអ៊ីនធឺណីត (Online News) ដោយរួមទាំងអ្នកអាន ឬអ្នកធ្វើអត្ថាធិប្បាយព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន ជួយជំរុញសង្គមឱ្យកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាជនរងគ្រោះនៃឥទ្ធិពល ឬការប់ះពាល់នៃសារជាតិញៀន។
នៅបណ្តាប្រទេសមួយចំនួន អ្នកប្រើប្រាស់សារជាតិញៀន ត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺ ដែលទាមទារសេវាព្យាបាល និងស្តារនីតិសម្បទា។ ហេតុនេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេជន៍ និងភាសានៅក្នុងអត្ថបទសារព័ត៌មានរបស់ខ្លួន ដើម្បីកុំឱ្យមានការមាក់ងាយ និងការរើសអើងចំពោះពួកគេកាន់តែធ្ងន់ធ្ងរ នាំឱ្យពួកគេកាន់តែឯកកោ មិនទទួលបាន ឬក៏ចេញមុខមកទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ហើយកាន់តេរងគ្រោះមិនអាចវិលមកសមាហរណកម្មក្នុងសង្គមវិញបាន៕