(សៀមរាប)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ដល់ភ្លើងបូជាសព ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាព កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពនិងចាត់ទុកមរណភាពរបស់ ឧត្តមសេនីយ៍ឯក ជា ម៉ន គឺជាការបាត់បង់យុទ្ធមិត្តរួមសមរភូមិប្រយុទ្ធ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ការពារបានតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តាំងពីព្រឹត្តិការណ៍ឆ្នាំ២០០៨ រហូតបច្ចុប្បន្នបានក្លាយជាព្រំដែនសន្តិភាព និងជាព្រំដែនអភិវឌ្ឍន៍ប្រជាជនរស់នៅសុខសប្បាយជាមួយជីវភាពធូរធា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោ ហ៊ុន សែន បានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ជា ម៉ន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន២០លានរៀល ចូលរូមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ៕