(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា សហគ្រាសផលិតឱសថ ជា ចំណាន ជាសហគ្រាសតែមួយគត់ត្រូវបានជ្រើសរើសឲ្យចូលរួម និងទទួលវិញ្ញាបនប័ត្រនិងពានរង្វាន់មាសអឺរ៉ុបសម្រាប់គុណភាព (GOLDEN EUROPE AWARD FOR QUALITY) ។
ការទទួលបានពានរង្វាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ LE MERIDIEN ETOILE ទីក្រុងប៉ារីស ប្រទេសបារាំង មានប្រារព្ធពិធីប្រគល់វិញ្ញាបនប័ត្រនិងពានរង្វាន់មាសអឺរ៉ុបសម្រាប់គុណភាព (GOLDEN EUROPE AWARD FOR QUALITY) ដោយអគ្គលេខាធិការ និងជានាយកប្រតិបត្តិនៃអង្គការ GLOBAL TRADE LEADERS CLUB សម្រាប់ក្រុមហ៊ុននិងសហគ្រាសចំនួន ៣៦ មកពីប្រទេសចំនួន២៩ ជុំវិញពិភពលោក។
ការទទួលបានពានរង្វាន់មាសនេះ ដោយសារសហគ្រាសផលិតឱសថ ជា ចំណាន ផលិតឱសថមានគុណភាពខ្ពស់និងអនាម័យល្អ ក្នុងកម្រិតស្តង់ដារបច្ចេកទេស GMP ទទួលស្គាល់ដោយក្រសួងសុខាភិបាល ថែមទាំងមានសេវាចែកចាយល្អទូទាំងប្រទេសកម្ពុជា។
ដើម្បីទទួលបាននូវវិញ្ញាបនប័ត្រនិងពានរង្វាន់មាសអឺរ៉ុបសម្រាប់គុណភាពនេះ ក្រុមហ៊ុននិងសហគ្រាសផលិតឱសថត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយឆ្លងកាត់ការពិនិត្យនិងវាយតំលៃប្រកបដោយភាពត្រឹមត្រូវនិងតម្លាភាពពីគណៈកម្មការអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការផ្តល់ពានរង្វាន់មាសអឺរ៉ុបសម្រាប់គុណភាពនេះដល់សហគ្រាសផលិតឱសថ ជា ចំណាន សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាលដែលមានដៃគូឯកជនបង្កើតបានសហគ្រាសផលិតឱសថមានគុណភាពខ្ពស់តាមបទដ្ឋាន GMP ត្រឹមត្រូវ មិនចាញ់ផលិតផលនាំចូលពីបរទេសឡើយ ហើយថែមទាំងបានចូលរួមការលើកស្ទួយសុខភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ដោយទទួលបានការប្រើប្រាស់ឱសថមានគុណភាពល្អនិងតំលៃសមរម្យ។ ការសម្រេចបាននូវសមិទ្ធិផលដ៏ត្រចេះត្រចង់នេះ គឺស្របទៅតាមមាគ៌ាប្រកបដោយសុឆន្ទៈខ្ពស់របស់សហគ្រាសផលិតឱសថ ជា ចំណាន ដែលមានចក្ខុវិស័យផ្តោតសំខាន់ទៅលើពាក្យ «ប្រកាន់ខ្ជាប់នូវគុណភាព អនាម័យ និងសុខភាព»៕