(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News ចង់បង្ហាញភាពភ្ញាក់ផ្អើលថ្មីមួយទៅដល់មិត្តអ្នកអាន ដែលមានបង្កប់ក្នុងចំណោមគតិបណ្ឌិត ទាំង១០នៅខាងក្រោម។ ធានាថាក្រោយពេលអានចប់ហើយ មិត្តអ្នកអានច្បាស់ជាទទួលបាននូវចំណុចពិសេស ដែលនឹកស្មានមិនដល់។
សូមអានគតិបណ្ឌិតទាំង១០នេះឱ្យបានចប់ ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត៖
១៖ ព្រះពុទ្ធអង្គមានពុទ្ធដីកាថា អ្នកដឹកនាំត្រូវមានធម៌៤យ៉ាង៖
* ទាន មានន័យថា ការធ្វើទាន និងសង្គ្រោះអ្នកដទៃ។
* បិយវាចា មានន័យថាត្រូវពោលតែពាក្យពិរោះ។
* អត្ថចរិយា មានន័យថាគិតប្រយោជន៍រួមជាធំ។
* សមានត្តតា មានន័យថាធ្វើខ្លួនឱ្យស្មើនឹងរាស្ត្រធម្មតា។
២៖ មនុស្សភាគច្រើនតែងតែស្រលាញ់ និងប្រើអំណាចទាល់តែហួសព្រំដែន ព្រោះអំណាចជាអាហារដ៏ឆ្ងាញ់របស់ពួកគេ។ លោក ចច វ៉ានស៊ីនតោន ប្រធានាធិបតីទី១ នៃសហរដ្ឋអាមេរិក។
៣៖ មហាត្មៈ គន្ធី បិតាឯករាជ្យឥណ្ឌា បានពោលមួយឃ្លាថា «អំណាចដែលកើតពីសេចក្ដីស្រលាញ់ មានប្រសិទ្ធភាពខ្លាំងជាងអំណាចដែលកើតពីការសម្លុតគំរាមរាប់ពាន់ដង»។
៤៖ ប្រសិនបើតុធ្វើការរបស់អ្នកទទេរស្អាត និងគ្មានអ្នកនាំបញ្ហាដាក់ឱ្យអ្នកដោះស្រាយ នោះអ្នកគួរតែព្រួយបារម្ភ ពីព្រោះមនុស្សនានាមិនបានគិតថា អ្នកអាចដោះស្រាយ និងមិនចង់ដឹងឮអំពីបញ្ហាទាំងនោះឡើយ។ លោក កូលីន ផៅវែល (Colin Powell)។
៥៖ ការឱនលំទោនមានសុជីវធម៌ អាចធ្វើឱ្យមនុស្សឃោរឃៅព្រមចុះញ៉ម, ការប្រកាន់សុចរិតទៀងត្រង់ អាចធ្វើឱ្យមនុស្សចូលចិត្តយកឈ្នះព្រមញ៉ម។ ខុង ជឺ
៦៖ កុំប្រញាប់ចុះចាញ់ ដរាបណានៅមានសង្ឃឹម ប៉ុន្តែកុំចេះតែសង្ឃឹមដោយមិនដឹងខ្យល់ ពីព្រោះវាជាការបង្ហាញឱ្យឃើញពីចំណង់ ជាជាងការពិចារណា។ លោក វីលលៀម ពេន (William Penn)។
៧៖ បម្រាម៣យ៉ាងនៃគុណធម៌៖ ពុំមើលរឿងដែលខុស ពុំស្ដាប់រឿងផ្ដេសផ្ដាស និងពុំនិយាយរឿងខុសពីការពិត។ ខុង ជឺ
៨៖ មេដឹកនាំភ្លឺស្វាង មិនដែលខ្លាចប្រជាជនមិនស្គាល់ខ្លួននោះឡើយ ខ្លាចតែខ្លួនមិនស្គាល់ប្រជាជនទៅវិញទេ។ ខុង មិញ ជូ កឺលៀង
៩៖ ព្រះបាទជ័យវរ្ម័នទី៧ (ព្រះជយធ៌ន) មានព្រះបន្ទូរថា «ធ្វើជាអ្នកដឹកនាំត្រូវប្រើព្រះគុណ (គុណធម៌) ឱ្យបានច្រើនជាងព្រះតេជៈ (អំណាច) ពីព្រោះអ្នកដែលមានព្រះគុណ នឹងមានអ្នកផងគោរពទាំងនៅចំពោះមុខ និងកំបាំងមុខ ប៉ុន្តែអ្នកដែលមានតែព្រះតេជៈ គេគោរពតែនៅចំពោះមុខតែប៉ុណ្ណោះ»។
១០៖ បើអ្នកចង់ទៅដល់គោលដៅ ឬសម្រេចសុបិនរបស់អ្នក អ្នកមិនអាចធ្វើវាដោយគ្មានវិន័យបានឡើយ។ លី ក្វានយូ នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី៕