(ភ្នំពេញ)​៖​ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូ ដឹកនាំដោយ លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក សាយ គឹមស៊ាន ត្រូវជាបងប្រុសបង្កើតរបស់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនិច្ចកម្មកាលពីថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសព បានប្រព្រឹត្តទៅនៅវត្ត បទុមវត្តី ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធសព មហាឧបាសក សាយ គឹមស៊ាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ បាននាំយកបច្ច័យចំនួន​ ១០លានរៀល​ ទៅចូលបុណ្យសពផងដែរ ៕