(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សនយោបាយចំនួន៧០ មកពី៣៦ប្រទេស បានចេញសេចក្តីថ្លែងការណ៍ទីក្រុងម៉ូស្គូ នៅប្រទេសរុស្ស៉ី ស្វាគមន៍ចំពោះគណបក្សប្រជាជនកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីសម្ពោធជាផ្លូវការនូវក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១៩ ខាងមុខនេះ។

លោកស្រី ឃួន សុដារី បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានពិសេសមួយ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់បេសកម្មដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី១០ របស់សន្និសីទអន្តរជាតិ នៃគណប្រជាជននយោបាយអាស៉ី (ICAPP) នៅទីក្រុងម៉ូស្គូ សហព័ន្ទរុស្ស៉ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៨។

លោកស្រី​ បានថ្លែងឲ្យដឹងថា មហាសន្និបាត ICAPP លើកទី១០នេះ ត្រូវបានចូលរួមដោយប្រតិភូចំនួន៤០០នាក់ មកពីគណបក្សនយោបាយចំនួន៧០ និងមកពី៣៦ប្រទេស។ មហាសន្និបាតត្រូវបានទទួលរៀបចំដោយ គណបក្សរួបរួមរបស់រុស្ស៉ី ដែលត្រូវបានតំណាងដោយថ្នាក់ដឹកនាំ របស់គណបក្សដែលរួមមានលោក Dmity Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ទរុស្ស៉ី ដែលបានចូលរួមបិទមហាសន្និបាត នៅថ្ងៃទី២៦ផងដែរ។

លោកស្រី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា «មហាសន្និបាតនេះ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍រួមមួយរបស់ ទីក្រុងម៉ូស្គូ ដែលបានស្វាគមន៍ចំពោះការសម្រេចចិត្ត របស់គណបក្សប្រជាជនកម្ពុជា ដែលត្រៀមទទួលរៀបចំពិធី សម្ពោធជាផ្លូវការនូវក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) នៅទីក្រុងភ្នំពេញ នៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

លោកស្រីបានបន្តថា សេចក្តីថ្លែងការណ៍រួមនេះ ក៏បានបញ្ជាក់ថា អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យនយោបាយ សមភាពរបស់រដ្ឋទាំងអស់ ការដោះស្រាយដោយសន្តិវិធីនូវជម្លោះអន្តរជាតិ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឯកភាពគ្នា គឺជាមូលដ្ឋានគ្រឹះនៃគោលការណ៍រួមរបស់ ICAPP ។

លើសពីនេះ សេចក្តីថ្លែងការណ៍រួម បានឆ្លុះបញ្ចាំងថា ការកើនឡើងនៃភាពជ្រុលនិយម និងអំពើហិង្សាបានបន្តគំរាមកំហែង យ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រទេសទាំងអស់ អាចបំបាត់នូវនិន្នាការអវិជ្ជមាននេះ តាមរយៈកិច្ចសហប្រតិបត្តិការ ប្រកបដោយចីរភាព និងទូលំទូលាយ ក្នុងចំណោមគណបក្សនយោបាយ និងរដ្ឋាភិបាល។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP អង្គគណៈកម្មាធិការអចិន្ត្រៃយ៍ បានត្រួតពិនិត្យនូវរបាយការណ៍សកម្មភាព ICAPP រយៈពេលពីរឆ្នាំ តាំងពីមានការធ្វើមហាសន្និបាតលើកទី៩ នៅទីក្រុងគូឡាឡាំពួរ។ ពិសេស គណៈកម្មាធិការអចិន្ត្រៃយ៍ បានអបអរសាទរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង ភាពជាដៃគូររវាងក្រុមប្រឹក្សាវប្បធម៌ (ACC) និងអង្គការយូណេស្កូ។

បើតាមលោកស្រី ឃួន សុដារី កិច្ចព្រមព្រៀងនេះ​បានធ្វើឲ្យ ICAPP ក្លាយទៅជាដៃគូមួយរបស់អង្គការយូណេស្កូ ហើយនេះជាការរីកចម្រើន ដ៏ធំធេងមួយក្នុងការបង្កើតគុណតម្លៃ និងតួនាទីរបស់ ICAPP លើឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានស្ថាបនិកកិត្តិយសរបស់ ACC ត្រូវបានអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្លៃថ្លានេះផងដែរ៕