(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះ ការរិះគន់របស់ មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក (ADHOC) លោក សឺន សែនករុណា ដែលបានរិះគន់ទៅលើចំណាត់ការផ្ទេរ និងតែងតាំង មន្រ្តីក្នុងស្ថាប័នតុលាការ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានចាត់ទុកថា ការរិះគន់ចំពោះការចាត់ចែង តែងតាំង និងផ្លាស់ប្ដូរព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញា របស់ស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រមរបស់មន្រ្តីសង្គមស៊ីវិលរូបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង។
លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលថ្មីៗនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការមួយចំនួន។ ផ្អែកលើការសម្រេចនេះ មានជននៅក្នុងអង្គការសង្គមសុីវិលមួយចំនួននិយាយថា ការសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការទាំងនោះមិនមានតម្លាភាពឡើយ ដោយសារពួកគេមិនបានដឹង ដែលនាំឲ្យមានការសង្ស័យមួយចំនួន»។
លោកបានបន្តថា «ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គវវចៅក្រម បានប្រព្រឹត្តទៅក្នុងអង្គប្រជុំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហេតុអ្វីបានជាថាគ្មានតម្លាភាព? ការនិយាយបែបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង»។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សឺន សែនករុណា មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក (ADHOC) បានសម្តែងការព្រួយបារម្ភ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ព្រមទាំងសម្តែងមន្ទិលក្នុងការផ្ទេរ និង ដំឡើងតំណែងមន្ត្រីតុលាការនាថ្មីៗនេះ។
លោក ស៊ឹង សែនករុណា សង្កេតឃើញថា កន្លងមកអំណាចអយ្យការនេះ មិនសូវបានជួយដល់អ្នកតស៊ូមតិ ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និង សកម្មជនដីធ្លីនោះទេ។ លោកចង់ឃើញព្រះរាជអាជ្ញា ដើរតួនាទីសកម្ម ក្នុងការការពារជនដែលមានមនសិការឈឺឆ្អាលកិច្ចការសង្គមទាំងនោះ។ នេះបើតាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី។
លោក សុខ ឥសាន បានបញ្ជាក់ថា ស្ថាប័នរដ្ឋរបស់កម្ពុជា ធ្វើអ្វីមួយមិនចាំបាច់ត្រូវរាយការណ៍ឲ្យសង្គមសុីវិលនោះទេ។ លោកថ្លែងថា៖ «ឱ! បើអង្គការរដ្ឋធ្វើអីចាំបាច់ត្រូវរាយការណ៍សុំសង្គមសុីវិល ឬទើបបានត្រឹមត្រូវ និងមានតម្លាភាពនោះ? បើយ៉ាងដូច្នោះ អង្គការសង្គមសុីវិល កំពុងតាំងខ្លួនឯងដ៏អស្ចារ្យ នៅពីលើអង្គការរដ្ឋដែលជាស្ថាប័នកើតចេញពីឆន្ទ:របស់ប្រជាជនកម្ពុជា។ ឯអង្គការសង្គមសុីវិល គ្រាន់តែជាអង្គការដែលបង្កើតឡើងដោយមនុស្ស២-៣នាក់សោះ ហេតុម៉េចបានជាទាមទារ
សិទ្ធិអីធំសម្បើមម៉្លេះ?»៕