(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ឆ្នាំ២០១៨ នៅទន្លេវៃគោ ក្រុងស្វាយរៀង។
ការប្រណាំងទូកនេះ មានទូកចូលរួមប្រណាំងមកពីគ្រប់រាជធានី ខេត្ត ចំនួន៤៥ទូក និងមានកីឡាករចំនួន១,១៣៥នាក់ ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទូកទាំងអស់ ត្រូវចេះរក្សាមិត្តភាព សាមគ្គីភាព សុខភាព ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះពីការប្រកួត សម្រាប់ជាកិត្តិយសជូនភូមិ ស្រុក ហើយសូមគោរពឲ្យបាននូវបទបញ្ជា និងលក្ខន្ដិកៈនៃការប្រកួត ដែលកំណត់ដោយគណៈកម្មការរៀបចំពិធី៕