(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ជាពិសេស គ្រោះថ្នាក់ចរចារណ៍ផ្លូវគោក គឺជាមូលហេតុចម្បងនៃមរណៈភាពរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹង មូលហេតុដ៏ទៃទៀត ។ គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ស្ថានភាពគ្រួសារ បង្កឲ្យមានវិបត្តិផ្លូវចិត្ត និងរាង្គកាយទាំងជនរងគ្រោះ និងអ្នកដែលបង្ក រួមទាំងអ្នកពាក់ព័ន្ធ ហើយជាចុងក្រោយគឺបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។

ការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការធ្វេសប្រហែសក្នុងការត្រួតពិនិត្យ ប្រើប្រាស់ និងបញ្ជាយានយន្ត ការមិនគោរពច្បាប់ ក៏ដូចជាវិធានទាំងឡាយដែលមានចែង (ការមិនគោរពភ្លើង ឬ ស្លាកសញ្ញាចរាចរណ៍ ការមិនពាក់មួក ឬ ខ្សែក្រវាត់សុវត្ថិភាព....) រួមទាំងកត្តាផ្លូវថ្នល់ជាដើម គឺជាមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចនេះ
តើអ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវអ្វីខ្លះ?

ដើម្បីបកស្រាយសំណួរខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទល្មើសចរាចរណ៍ផ្លូវគោក» មកធ្វើការបកស្រាយដូចតទៅ៖

ក្រៅពីទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ឬ គ្រួសារជនរងគ្រោះ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមបញ្ញត្តិនៃបទល្មើស ចរាចរណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០១៥។ បទល្មើសចរាចរណ៍ អាចជាបទល្មើសលហុ ដោយត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ មិនលើសពី ០៦ (ប្រាំមួយ) ថ្ងៃ ឬ អាចជាបទល្មើសមជ្ឈឹម អាស្រ័យទៅលើរូបភាពនៃបទល្មើសចរចារណ៍ដែលកើតមាន និងព្យសនកម្មដែលកើតមានពីបទល្មើសនោះ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចូលជាធរមានតាំងពីឆ្នាំ២០១៥ ទោសពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក បែងចែកជា ០២ (ពីរ)៖
១. បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសជាការពិន័យអន្តរការណ៍ ដែលកំណត់ដោយអនុក្រឹត្យ។
២. បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និង ពិន័យជាសាច់ប្រាក់។
បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសជាការពិន័យអន្តរការណ៍ គឺជាអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវពិន័យជាសាច់ប្រាក់ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ប៉ុន្តែមិនមែនមានន័យថា អ្នកដែលប្រព្រឹត្តបទល្មើសចរាចរណ៍ក្នុងរូបភាពខាងលើច្រើនលើកច្រើនសារ ទទួលរងតែការបង់ប្រាក់ពិន័យនោះទេ ប្រសិនបើអ្នកដែលប្រព្រឹត្តបទល្មើសដដែល ក្នុងអំឡុងពេល៦(ប្រាំមួយ) ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកទី១ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត។

រីឯបទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ឬ/និង ពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា ៦៩ ដល់មាត្រា ៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ប្រសិនបើស្ថិតនៅក្រោមលក្ខខណ្ឌដូចខាងក្រោមនេះ៖

* ករណីដែលមន្ត្រីទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ប្រើអំណាច ដោយការរំលោភសិទ្ធិក្នុងការដកហូតយកប័ណ្ណបើកបរ, ផ្លាកលេខ និងប័ណ្ណសំគាល់ជាអាទិ៍... មន្ត្រីនោះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ១ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ២០០,០០០រៀល។ ចំពោះមន្ត្រី ឬភ្នាក់ងារទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់, ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសម្រាប់ពិន័យដែលមានគល់បញ្ជីមិនត្រឹមត្រូវ ឬដោយមិនចេញបង្កាន់ដៃ ប្រាក់ពិន័យឲ្យអ្នកបើកបរ មន្ត្រីនោះត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និងត្រូវទទួលពិន័យជាសាច់ប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

* ករណីដែលប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ ហើយសាម៉ីខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំណត់ ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ថ្ងៃ ទៅ ៥ថ្ងៃ ឬ/និងពិន័យជាសាច់ប្រាក់ពី ៥,០០០ រៀល ទៅ ២៥,០០០រៀល។

* ករណីបើកបរដោយគ្មានប័ណ្ណបើកបរ ឬក្នុងរយៈពេលប័ណ្ណបើកបរត្រូវបានដកហូតវិញ ឬទុកជាមោឃភាព ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ ឬ/និង ពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ២០០,០០០ម៉ឺនរៀល។

* ករណីជនដែលរារាំង ការឃាត់យានយន្ត ឬមិនព្រមបញ្ឈប់យានយន្ត ឬប្រកែកមិនព្រមដាក់ខ្លួនឲ្យធ្វើតេស្ដ ពិនិត្យជាតិអាល់កុល ឬគ្រឿងញៀន ជននោះត្រូវផ្តន្ទាទោសពន្ធនាគារដូចករណីបើកបរដោយគ្មានប័ណ្ណបើកបរខាងលើដែរ។

* ករណីជនដែលបើកបរពេលខ្លួនកំពុងស្រវឹងដោយមានជាតិអាល់កុលពី ០.៤០ មី.ក្រ/១លីត្រខ្យល់ រហូតដល់ ០.៨ ក្រ./១លីត្រឈាម ជននោះត្រូវផ្ដន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ ៦ខែ ឬ/និងពិន័យជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ ១,០០០,០០០រៀល។
* ករណីជនដែលប្រើប្រាស់យានដោយគ្មានប័ណ្ណសម្គាល់ និងគ្មានស្លាកលេខសម្គាល់ ត្រូវផ្តន្ទាទោសពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ ឬ/និងពិន័យជាសាច់ប្រាក់ពី ២០០,០០០រៀល ទៅ ២,០០០,០០០រៀល។

* ករណីជនបង្កឲ្យមានរបួសស្នាមដល់អ្នកដទៃដោយអចេតនា និងបណ្ដាលឲ្យអសមត្ថភាពការងារស្មើ ឬលើសពី៨ថ្ងៃ ជននោះត្រូវផ្តន្ទាទោសពន្ធនាគារពី ៦ថ្ងៃ ទៅ១ឆ្នាំ ឬ/និងពិន័យ ជាសាច់ប្រាក់ពី ២៥,០០០រៀល ទៅ២,០០០,០០០រៀល។ ការបង្កឲ្យមានរបួសស្នាមនេះនឹងត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ប្រសិនបើជននោះបើកបរដោយគ្មានប័ណ្ណបើកបរ, ស្ថិតក្នុងស្ថានភាពស្រវឹងដោយជាតិអាល់កុលពី ០.៤ មី.ក្រ/១លីត្រខ្យល់ ទៅ ០.៨ ក្រ./១លីត្រឈាម និងមានរបួសមនុស្សច្រើន ជាអាទិ៍...។

* ករណីបង្កឲ្យអ្នកដទៃមានរបួសបណ្ដាលឲ្យពិការជាអចិន្ត្រៃយ៍ ត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និង ពិន័យជាសាច់ប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល និងត្រូវផ្ដទ្ទាទោសដល់កម្រិតអតិបរមា ករណីអ្នកបើកបរយានយន្តដោយគ្មានប័ណ្ណ, ស្ថិតក្នុងស្ថានភាពស្រវឹង, បណ្ដាលឲ្យមានរបួសដល់មនុស្សច្រើន និងរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

* ករណីជនដែលបង្កឲ្យស្លាប់ដល់អ្នកដទៃ គឺត្រូវផ្ដន្ទាទោសពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬ/និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ៦,០០០,០០០រៀល។

* ករណីអាណាព្យាបាលដែលបណ្ដោយឲ្យក្មេងដើររហេតរហូតលើផ្លូវថ្នល់ បណ្ដាលឲ្យមានគ្រោះថ្នាក់នឹងត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី និងដូចគ្នាដែរចំពោះម្ចាស់សត្វដែល បណ្ដាលឲ្យសត្វចិញ្ចឹមរបស់ខ្លួនដើរពេញផ្លូវ។

សូមបញ្ជាក់ថា បទល្មើសចរាចរណ៍ជាបទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះ ការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ឬ សាច់ញាតិជនរងគ្រោះមិនមែនជាមូលហេតុនៃការរំលត់បណ្តឹង អាជ្ញាទេ ហើយសំណុំរឿងបទល្មើសចរាចរណ៍ នឹងត្រូវដំណើរការតាមនីតិវីធីព្រហ្មទណ្ឌជាធរមាន។

រៀបរៀងដោយ៖ កញ្ញា សាវី លីដា ជំនួយការមេធាវី និងកញ្ញា យ៉េ នីតា ជាសមាជិកាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕