(ស្វាយរៀង)៖ ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ ប្រជាពលរដ្ឋក្នុងពិធីប្រណាំងទូកក្នុងខេត្តស្វាយរៀង និងធានាបាននូវសុវត្តិភាពម្ហូបអាហារនោះ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងដឹកនាំដោយ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីចុះពិនិត្យទំនិញនិងម្ហូបអាហារ ភេជ្ជៈជាគ្រឿងកំប៉ុងដែលដាក់លក់តាមស្តង់ អាហារដ្ឋាននានានៅក្រុងស្វាយរៀង។
ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ លោកផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តបានឱ្យដឹងថា ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកម៉ក់ ពេជ្ជ រិទ្ធ ប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល តម្រូវឱ្យមន្ត្រីកាំកុងត្រូលត្រូវចុះពិនិត្យមុខទំនិញជាប្រចាំយ៉ាងហោចណាស់ ១ខែបាន១ដង ឬ ២ដងដែរ ដើម្បីរកសារធាតុគីមី និងទំនិញហួសសុពលភាព-ល-។
លោកផឹង និល បានបន្តថា នៅព្រឹកនេះខេត្តស្វាយរៀងមានព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយ ជាពិធីប្រណាំងទូកដែលមានប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានប្រជាពលរដ្ឋទាំងអ្នកក្នុងខេត្ត និងអ្នកក្រៅខេត្តផង ដូច្នេះ ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលដ្ឋនោះ មន្ត្រីកាំកុងត្រូលបានចុះពិនិត្យមុខទំនិញ ផ្តោតសំខាន់ទៅលើម្ហូបអាហារ គ្រឿងកំប៉ុងជាដើម ក្នុងនោះពុំបានរកឃើញសារធាតុគីមី ដែលដាក់ក្នុងម្ហូបអាហារ នោះទេ ចំណែកឯគ្រឿងកំប៉ុងជាភេសជ្ជៈវិញ ក៏មិនបានរកឃើញថាហួសការបរិច្ឆេទដែរដូច្នេះប្រជាពលរដ្ឋអាចទិញទៅបរិភោគបានមិនប៉ះពាល់ដល់សុខភាពនោះទេ។
ប្រធានសាខាកាំកុងត្រូលរូបនេះ បានបញ្ជាក់ថា បើប្រជាពលរដ្ឋណាមានការសង្ស័យថា ម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងឱកាសពិធីប្រណាំងទូក មានផ្ទុកសារធាតុគីមីត្រូវរាយការណ៍មកមន្ត្រីរបស់លោក លោកចាត់មន្ត្រីចុះពិនិត្យភ្លាមៗ គឺធ្វើយ៉ាងណា ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កលក្ខណៈសប្បាយរីករាយក្នុងពិធីប្រណាំងទូក នៅក្នុងខេត្តស្វាយរៀង៕