(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។
នៅក្នុងសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃអាទិត្យនេះ, សម្តេចសូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតវេទីយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័ក្រជាទីបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងយកទឹកព្រះទ័យទុកដាក់ខ្ពស់បំពេញព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម ព្រមទាំងលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្រ្តជាទីស្រលាញ់របស់ព្រះអង្គ។ ប្រជារាស្រ្តខ្មែរគ្រប់ស្រទាប់ ចងចាំមិនភ្លេចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន និងព្រះមហាករុណាទិគុណប្រកបដោយទសពិធរាជធម៌ដ៏ប្រពៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលក្នុងព្រះបរមរាជសម្បត្តិរបស់ព្រះអង្គបាននាំមកនូវសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាជូនប្រជារាស្រ្តខ្មែរទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាខួបលើកទី១៤ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩តុលា ២០០៤- ២៩តុលា ២០១៨)។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។
ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង ថ្វាយព្រះពរព្រះមហាក្សត្រ៖