(ភ្នំពេញ)៖ ក្រុមជនសង្ស័យប្រើប្រាស់ រក្សាទុក ជួញដូរថ្នាំញៀន និងប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ សរុបចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានដេញតាមស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែងជាបន្តបន្ទាប់ ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា ដកហូតបានវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួន។

បើតាមការបញ្ជាក់របស់លោកអធិការខណ្ឌឫស្សីកែវ ការបង្ក្រាបក្រុមជនសង្ស័យប្រើប្រាស់ រក្សាទុក ជួញដូរថ្នាំញៀន និងប៉ុនប៉ងលួចទ្រព្យសម្បត្តិ​ទាំង៦នាក់ ខាងលើនេះ គឺបានអនុវត្តឡើងនៅតាមបណ្ដោយផ្លូវ៩០៧ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ និងស្ថិតនៅតាមបណ្ដោយជាតិលេខ៥ ក្រុមទី៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ មួយទីតាំងទៀតស្ថិតនៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទាំងរសៀល និងយប់រំលងអាធ្រា​ត ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ការបង្ក្រាបជាក់ស្ដែងនូវការជួញដូរថ្នាំញៀនក្នុងករណីទី១ ​បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អន ផាន់នឿន ​អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះ ដាងឈុន ណារិទ្ធ​ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយឫស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀន) និងដកហូតបាន ម្សៅក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ ​ម៉ូតូ០១គ្រឿង ផលិតនៅចិនពណ៍ខ្មៅ ពាក់ស្លាកលេខ​កំពង់ឆ្នាំង1A-8522។

លោកអធិការខណ្ឌឫស្សីកែវបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការស្រាវជ្រាវឈានដល់បើកការបង្ក្រាបរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនក្នុងករណីទី២ ​បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រំ រតនា​ អាយុ១៩ឆ្នាំ ​នៅស្នាក់នៅផ្ទះជួល ក្រុម១៤ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ និងម្នាក់ទៀតឈ្មោះ លុយ គង់ ​អាយុ២៥ឆ្នាំ​ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ និងម៉ូតូគ្រឿងម៉ាកឃ្លីកសេរីចាស់ ពណ៍សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1AQ-8578។

កិច្ចសហប្រតិបត្តិការបង្ក្រាបនៅពេលរាត្រី រឿងប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងករណីទី៣ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ងួន ភកី្ត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០១០ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះ ឃុត ចំរើន អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ដកហូតបានម៉ូតូ១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ សេរី២០០៥ បិទតែម២០១៨ ស្លាកលេខ​កណា្តល​1N-2874 ដែកសំប៉ែតចុងស្រួចចំនួនមួយ កូនសោខ្សៀលេខ៨ចំនួន១ ដែកលួសចំនួនមួយ។

ទោះបីយ៉ាងណា បើតាមលោកអធិការដដែលរូបនេះ ក្រោយពីបង្ក្រាបជនសង្ស័យទាំង៦នាក់ ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា រួមជាមួយវត្ថុតាងពាក់ព័ន្ធ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរ និងកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕