(ព្រៃវែង)៖ លោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំជាយមារ និងលោកឧកញ៉ា ហេង ឡុង ប្រធានក្រុមការងារចុះជួយឃុំស្មោងត្បូង ស្រុកកំជាយមារ បានអញ្ជើញដង្ហែបច្ច័យអង្គកឋិនទានសម្តេចក្រឡាហោម ស ខេង និងលោកស្រី ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តចំនួន២ នៅឃុំស្មោងត្បូងដែលមានវត្តឧត្តមព្រៃធំ និង វត្តស្មោង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
ពិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីដង្ហែអង្គព្រះកឋិនទាន៣ជុំព្រះវិហាររួចមក លោក ស្តើង សុខុម និងលោកស្រី រួមជាមួយលោក ហេង ឡុង បានអញ្ជើញយកត្រៃចីវរអង្គកឋិនទាន និងគ្រឿងបរិក្ខារប្រគេនចំពោះព្រះសង្ឃ ដែលគង់ព្រះវស្សាអស់ត្រី មាសនៅក្នុងទីអារ៉ាមនោះ។
អង្គព្រះកឋិនទានប្រមូលបានបច្ច័យ ផ្តល់ជូនវត្តចំនួន២ គឺវត្តព្រៃធំ ទទួលបានបច្ច័យ៥៥,០២៩,០០០រៀល និងវត្តស្មោង ទទួលបានបច្ច័យចំនួន៥០លានរៀល ហើយបច្ច័យដែលប្រមូលបាននេះ នឹងត្រូវយកទៅកសាងសមិទ្ធផលបន្ថែមទៀត នៅក្នុងទីអារ៉ាមទាំងពីរ។
លោក ស្តើង សុខុម ក្នុងនាមជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំចាយមារ បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ដែលមានទឹកចិត្តជ្រះថ្លាខាងព្រះពុទ្ធសាសនា ដោយបានផ្តួចផ្តើមរៀបចំអង្គកឋិនទានដង្ហែមកប្រគេនព្រះសង្ឃនៅក្នុងឃុំ ស្មោងត្បូង ដើម្បីបន្តកសាងនូវសមិទ្ធផលខាងវិស័យពុទ្ធចក្រ ឲ្យមានលក្ខណៈសមរម្យ សម្រាប់ពុទ្ធសាសនិកគោរពប្រតិបត្តិ ទៅតាមព្រះពុទ្ធសាសនា។
មានមិតសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនៅក្នុងឱកាសនោះ លោក ស្តើង សុខុម បានថ្លែងការរីករាយដោយសារតែឃើញវឌ្ឍនភាព នៃការរីកចម្រើន របស់វិស័យសាសនា ដែលបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងឃុំ ស្រុកទូទាំងប្រទេស និងបានបញ្ជាក់ថា អាណាចក្រ និងពុទ្ធចក្រ គឺមានប្រតិសកម្មជាមួយគ្នាដែលមិនអាចខ្វះមួយណាបានទេ។ ប៉ុន្តែគន្លឹះសំខាន់ គឺស្ថិតនៅត្រង់ថាបើអាណាចក្រ មានការដឹកនាំត្រឹមត្រូវនោះ វាក៏នាំមកនូវ ភាពសុខសាន្តសម្រាប់ពុទ្ធ ចក្រផងដែរ បើអាណាចក្ររីកលូតលាស់នោះ ពុទ្ធចក្រក៏រីកចម្រើន។
ចំណុចនេះបងប្អូនធ្លាប់បានឃើញរួចមកហើយនៅក្នុងអតីតកាល ពេលដែលប្រទេសជាតិកើតសង្គ្រាម នៅពេលនោះសាសនា ក៏ត្រូវបានបំផ្លាញទៅជាមួយគ្នា តាមរយៈការទម្លាក់គ្រាប់បែកគ្រាប់ប្លោង។ នៅក្នុងរបបប៉ុល ពត សាសនាទាំងអស់ ត្រូវបានបំផ្លាញវត្តអារាម ត្រូវបានគេយកធ្វើជាគុក ឬកន្លែងសម្លាប់មនុស្ស ដូច្នេះការរីកចម្រើន នៃវិស័យពុទ្ធចក្រវាទាក់ទងជាមួយតួនាទីនៃការដឹកនាំរដ្ឋ អំពីការកំណត់គោលនយោបាយ ទាក់ទងជាមួយវិស័យសាសនាផងដែរ។
លោកបន្តថាប្រសិនបើគណបក្សប្រជាជន មិនបានយកចិត្តទុកដាក់ថែទាំ និងលើកស្ទួយ វិស័យព្រះពុទ្ធសាសនានេះទេ សួរថាតើព្រះពុទ្ធសាសនារបស់យើង អាចរីកចម្រើនរហូតទៅដល់កម្រិតនេះទេ?។ ក្របខណ្ឌទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ អាចនិយាយបានថា ខាងវិស័យពុទ្ធចក្រ គឺការគ្រប់គ្រងរដ្ឋ ក៏បានទទួលមកវិញនូវផ្លែផ្កា អំពីបញ្ហាការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ដែលបានចូលរួមចំណែកដើម្បីគ្រប់គ្រងទៅដល់សង្គម តាមការប្រៀនប្រដៅ ធ្វើឲ្យមនុស្សប្រព្រឹត្តអំពើល្អជាដើម។
លោក ស្តើង សុខុម បានបន្តថាសុខសន្តិភាព និងការអភិវឌ្ឍដែលយើងមានសព្វថ្ងៃនេះ វាមិនមែនបានមកដោយឯងៗនៅទេ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកសាច់ស្រស់ ឈាមស្រស់ ទៅប្តូរយកមក។ ហេតុដូចនេះហើយបានជាមាន ការតបស្នងពីប្រជាជនកម្ពុជា មកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាល ជាបន្តបន្ទាប់រហូតមក ជាពិសេសការបោះឆ្នោតនិតិកាលទី៦នេះ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។
ជាក់ស្តែងជាងនេះទៀត ដើម្បីការអភិវឌ្ឍប្រទេសជាតិប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប្រមាណ១ខែនេះ ដោយបានបំពេញបេសកកម្មនៅក្រៅប្រទេស ក្នុងគោលដៅពង្រីកកិត្យានុភាពរបស់កម្ពុជា ទៅលើឆាកអន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ នៅលើពិភពលោកពិសេសនៅតំបន់អឺរ៉ុប ហើយបេសកកម្មនេះ ក៏មានគោលបំណងទាក់ទាញការវិនិយោគពីបរទេសមកកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ចំណែកថ្នាក់ដឹកនាំនៅក្នុងប្រទេសដែលមាន សម្តេចក្រឡាហោម ស ខេង ក៏បានប្រឹងប្រែងដឹកនាំធ្វើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅជំរុញសេវាទៅកៀកប្រជាជន និងការទម្លាក់ថវិកាទៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងអភិវឌ្ឍន៍មូលដ្ឋានផងដែរ។
លោក ស្តើង សុខុម និងលោកឧកញ៉ា ហេង ឡុង បានប្តេជ្ញាថា នឹងបន្តការខិតខំជួយអភិវឌ្ឍឃុំស្មោងត្បូងបន្តទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីជាការតបស្នងចំពោះប្រជាជនដែលបានផ្តល់ការទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ហើយការផ្តល់ការគាំទ្រនេះ បានលើកទឹកចិត្តដល់មន្រ្តីគណបក្សប្រជាជនកម្ពុជា កាន់តែមានទឹកចិត្តជួយដល់បងប្អូនបន្តទៀត។
នៅក្នុងពិធីនោះលោក ស្តើង សុខុម និងលោក ហេង ឡុង ក៏បានចែកជូននូវអំណោយ និងថវិការបស់សម្តេចក្រឡាហោម ស ខេង ជូនដល់លោកតា លោកយាយ និងគ្រួសារទីទាល់ក្រមួយចំនួន នៅក្នុងឃុំស្មោងត្បូងផងដែរ។
គួរបញ្ជាក់ថា នៅសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន បានប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្តចំនួន៧ ក្នុងស្រុកកំចាយមារ ដែលជាស្រុកកំណើតរបស់សម្តេច។ វត្តចំនួន៧ ក្នុងស្រុកកំជាយមារ ខេត្តព្រៃវែង រួមមាន សន្តិសុខារាម (ហៅវត្តក្របៅថ្មី), វត្តក្របៅលិច, វត្តសុវណ្ណគង្គារ (ហៅវត្តបឹងកេត), វត្តស្មោង, វត្តឧត្តមព្រៃធំ, វត្តទួលរវៀង និងវត្តពាមមង្គល៕