(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យការដ្ឋានស្តារភក់ក្នុងអាងប្រព្រឹត្តកម្ម នៅស្ថានីយចម្រោះទឹកកខ្វក់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអនុវត្តដោយក្រុមហ៊ុន BUGC ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨នេះ។
ស្ថានីយអាងចម្រោះទឹកកខ្វក់នេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ១៦,២ហិតា មានសមត្ថភាពសំអាត ប្រមាណ៦,៩០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្ដែដោយសារការប្រើប្រាស់ចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន បានធ្វើឲ្យស្ថាននីយចម្រោះមួយនេះ មានកំណកភក់នៅបាតអាង បណ្តាលឲ្យសមត្ថភាព សំអាតទឹកកខ្វក់របស់ស្ថានីយ៍មួយនេះ ត្រូវបានថយចុះជាបន្តបន្ទាប់។
ដោយមើលឃើញពីសារសំខាន់នៃស្ថានីយនេះ លោកទេសមន្ត្រី ស៊ុន ចាន់ថុល បានកំពុងធ្វើការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យការស្តារអាងមួយនេះ បានចប់រួចរាល់នៅចុងឆ្នាំ២០១៨ ដោយបន្ថែមឧបករណ៍បច្ចេកទេសបន្ថែម និងអនុវត្តឲ្យបានតាមបទដ្ឋានបច្ចេកទេសកំណត់ ដែលនឹងធ្វើឲ្យមានសមត្ថភាពសំអាតដូចដើមឡើងវិញ។
ប៉ុន្ដែអ្វីដែលកាន់តែប្រសើរជាងនេះ ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ក្រុមហ៊ុន BUCG បាននិងកំពុងសិក្សាប្លង់មេបឋម ពង្រីកសមត្ថភាព អាងចម្រោះទឹកកខ្វក់ ក្នុងខេត្តទេសចរណ៍មួយនេះ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ សហការពន្លឿនការងារសិក្សា ក្នុងគោលបំណងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ដើម្បីអាចអនុវត្តការពង្រីសមត្ថភាព ចម្រោះទឹកកខ្វក់រហូតដល់២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ពោលការពង្រីកសមត្ថភាពរហូតដល់ទៅ៣ដងនេះ នឹងធ្វើឲ្យបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ កាន់តែមានភាពល្អប្រសើរឡើង៕