(ហ្វាំងជីងកាំង, ចិន)៖ ក្រុងហ្វាំងជីងកាំង ជាទីក្រុងដ៏ធំមួយនៃតំបន់ស្វយ័តក្វាងស៊ី ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនលើលំហរសមុទ្រ។ 

ក្នុងដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចិន មន្ត្រីមកពីក្រសួងព័ត៌មាន និងក្រុមអ្នកព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលលើការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍនៅក្នុងទីក្រុងដែលជាប់ព្រំដែនប្រទេសវៀតណាម។

ក្រុងហ្វាំងជីងកាំង ជាប់នឹងលំហរសមុទ្រភាគខាងត្បួងប្រទេសចិន ដែលធ្វើឲ្យមានងាយស្រួលក្នុងការដឹកជញ្ជូនទំនិញពីប្រទេសចិន ទៅកាន់ប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត ក៏ដូចជាការដឹកទំនិញពីប្រទេសកម្ពុជា ពីអាស៊ានទៅកាន់ប្រទេសចិន។ មិនតែប៉ុណ្ណោះតាមរយៈកំពង់ផែនេះ ក៏ជាកន្លែងជួយផ្ទេរទំនិញពីកម្ពុជា ពីអាស៊ានទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត។

អគ្គលេខាធិការបក្សនៃកំពង់ផែហ្វាំងជីងកាំង លោក Su Yuanhui បានឲ្យដឹងថា កំពង់ផែហ្វាំងជីងកាំង ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៦៨ ដោយមានការអនុម័តពីលោកប្រធានាធិបតី ម៉ៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេងឡាយ។ មកដល់បច្ចុប្បន្នកំពង់ផែហ្វាំងជីងកាំងមានអាយុកាល ៥០ឆ្នាំហើយ។

នៅក្នុងឯកសារផ្តល់ជូនអ្នកព័ត៌មានបានគូសបញ្ជាក់ថា កំពង់ផែនេះកសាងឡើងដំបូងមិនត្រូវបានបម្រើដល់គោលដៅពាណិជ្ជកម្មនោះទេ តែប្រើជាផែចេញដំណើរនៅក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រសំដៅគាំទ្រដល់វៀតណាមក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក ឬគេស្គាល់នៅក្នុងប្រវត្តិសាស្ត្រថាផែនការ Guangxi «3·22»។

បច្ចុប្បន្នកំពង់ផែត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីបម្រើដល់ការធ្វើពាណិជ្ជកម្ម។ បើតាមលោក Su Yuanhui បច្ចុប្បន្នកំពង់ផែមានផ្ទៃដីប្រមាណ ១៧គីឡូម៉ែត្រការ៉េ ហើយអាចឲ្យនាវាផ្ទុកចំណុះ ២០ម៉ឺនតោនចូលចតនៅកំពង់ផែមួយនេះ ដោយមានផ្ទៃសមុទ្រទឹកជ្រៅ ៩០គីឡូម៉ែត្រ។ កំពង់ផែនេះ ក៏កំពុងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យនាវាផ្ទុកទំនិញរហូតដល់ ៤០ម៉ឺនតោនចូលសំចត និងផ្លាស់ប្តូរទំនិញបានផងដែរ។

លោក Yuanhui បានឲ្យដឹងថា ក្នុងមួយឆ្នាំមានទំនិញចេញចូលតាមកំពង់ផែមួយនេះប្រមាណជា ១២០លានតោន។ កំពង់ផែនេះចែកចេញជា ៣តំបន់ធំៗរួមមាន៖ កំពង់ផែចេញចូលនាវាដឹកទំនិញ កន្លែងកែច្នៃផលិតផល (រោងចក្រ សហគ្រាស) និងកំពង់ផែទេសចរណ៍។

លោក Long Ju ប្រធានក្រុមហ៊ុន Fang Cheng Gang XINDI ដែលជាក្រុមហ៊ុនគ្រប់គ្រងលើការឆ្លងកាត់ទំនិញនៅក្នុងកំពង់ផែហ្វាំងជីងកាំង បានឲ្យដឹងថា កំពង់ផែហ្វាំងជីងកាំងជាកន្លែងដឹកជញ្ជូនទំនិញដ៏សកម្មមួយពីប្រទេសចិន ទៅកាន់ប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផង ព្រោះវាស្ថិតនៅជិតប្រទេសអាស៊ានទាំងនេះ។ មិនតែប៉ុណ្ណោះ ក៏មានទំនិញពីប្រទេសអាស៊ានឆ្លងកាត់កំពង់ផែនេះ ដើម្បីដឹកទៅកាន់អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត។

លោក Long Ju បានឲ្យដឹងថា ក្នុងមួយឆ្នាំមាននាវាដឹកទំនិញពីកម្ពុជា មកចិន ក៏ដូចពីចិនទៅកម្ពុជា តាមរយៈកំពង់ផែនេះចំនួន ១៤៤ជើង។ ទំនិញដែលដឹកពីកម្ពុជាមានដូចជាអនុផលព្រៃឈើ អង្ករ និងដំណាំកសិកម្មផ្សេងៗទៀត សម្រាប់ទំនិញដែលដឹកពីចិនទៅកម្ពុជាវិញ មានដូចជា គ្រឿងចក្រកសិកម្ម និងគ្រឿងសំណង់ជាដើម...។ លោក បានអះអាងថា ទំនិញរបស់កម្ពុជាដែលឆ្លងកាត់កំពង់ផែមានការបញ្ចុះតម្លៃមួយចំនួនលើការយកពន្ធ និងសេវាប្រតិបត្តិការផ្សេងៗទៀត។

ក្រៅពីមានកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញដ៏ធំហើយនោះ នៅក្រុងហ្វាំងជីងកាំងនេះ ក៏មានតំបន់សេដ្ឋកិច្ច និងបច្ចេកទេស ដែលមានរោងចក្រ សហគ្រាសជាច្រើនកំពុងដំណើរការផលិតថាមពលអគ្គិសនី ផលិតធ្យូងថ្ម ផលិតដែក ស្ពាន់ លោហធាតុ និងប្រេងសណ្តែកផងដែរ។ ក្រុមហ៊ុនទាំងនោះមានអ្នកវិនិយោគមកពីអង់គ្លេស អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន...។

មន្រ្តីព័ត៌មាន និងអ្នកព័ត៌មានកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ក្រុងហ្វាំងជីងកាំង ដោយសារតែខេត្តនេះមានស្ថានភាពភូមិសាស្ត្រដូចទៅនឹងខេត្តព្រះសីហនុផងដែរ។ ពួកគេចង់ឃើញខេត្តព្រះសីហនុ ប្រើប្រាស់ទឹកដីជាប់សមុទ្ររបស់កម្ពុជាក្លាយជាសក្តានុពលពាណិជ្ជកម្ម ឧស្សាហកម្ម និងដឹកជញ្ជូនដូចនៅក្នុងទីក្រុងមួយនេះ។

លោក ជួន ចាន់ភារុណ មន្ត្រីមកពីក្រសួងព័ត៌មាន និងបានដឹកនាំគណៈប្រតិភូព័ត៌មានកម្ពុជាបំពេញទស្សនកិច្ចនៅចិន បានលើកឡើងថា «បច្ចុប្បន្ននេះកំពង់ផែរបស់ប្រទេសកម្ពុជា គឺស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ដែលមានការចូលរួមជួយអភិវឌ្ឍន៍ដោយប្រទេសជប៉ុន។ ពួកយើងសង្ឃឹមថា អាចយកបច្ចេកវិទ្យាល្អ និងការគ្រប់គ្រងយ៉ាងល្អរបស់កំពង់ផែនេះទៅអភិវឌ្ឍន៍កំពង់ផែនៅកម្ពុជា»

លោក ប្រាក់ វ៉ាន់ដា អ្នកព័ត៌មានមកពីស្ថានីយទូរទស្សន៍ BTV បានលើកឡើងថា «អ្វីដែលខ្ញុំបានមើលឃើញអំពីទំនាក់ទំនងរវាងកំពង់ផែហ្វាំងជីងកាំង និងកំពង់ផែរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា កំពង់ផែខេត្តព្រះសីហនុ និងកំពង់ផែខេត្តកំពតរបស់កម្ពុជា នឹងមានការរីកចម្រើនផ្នែកដឹកជញ្ជូន ខណៈកំពង់ផែរបស់យើង និងកំពង់ផែហ្វាំងជីងកាំង បានមានទំនាក់ទំនងយ៉ាងល្អក្នុងការដឹកជញ្ជូនទំនិញចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ»

លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បានបង្ហាញការស្ញប់ស្ញែង និងចាប់អារម្មណ៍ចំពោះផែនការអភិវឌ្ឍលើទឹកដីជាប់សមុទ្ររបស់ចិនមួយនេះ ឲ្យក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់ចំពោះសេដ្ឋកិច្ចរបស់ចិន តាមរយៈការប្រើប្រាស់ធនធានសមុទ្រ។ លោក បានបង្ហាញក្តីរំពឹងថា តាមរយៈការផ្សព្វផ្សាយនូវគុណប្រយោជន៍នៃការអភិវឌ្ឍទីក្រុង នឹងក្លាយទៅកញ្ចក់បង្ហាញប្រជាពលរដ្ឋកម្ពុជា ឲ្យពិចារណា និងទទួលយកនូវការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ ដែលកំពុងមានសន្ទុះនាពេលបច្ចុប្បន្ន។

លោក វ៉ាន់ សារាយ បានគូសបញ្ជាក់យ៉ាងដូច្នេះ «កំពង់ផែក្រុងព្រះសីនុ និងកំពង់ផែហ្វាំងជីងកាំង សុទ្ធតែជាកំពង់ផែសមុទ្រដូចគ្នា ហើយកំពង់ផែហ្វាំងជីងកាំង តាមរយៈការស្វែងរកអ្នកវិនិយោគមកកាន់តំបន់នេះកំពុងទទួលបានលទ្ធផលយ៉ាងល្អ។ ខ្ញុំសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយពីកំពង់ផែប្រទេសចិននេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងអំពីសារៈសំខាន់ នៃការអភិវឌ្ឍរបស់កំពង់ផែ នឹងចូលរួមគាំទ្រកាន់តែខ្លាំងក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ»។

សូមបញ្ជាក់ថា ទីក្រុងហ្វាំងជីងកាំង មានឆ្នេរប្រវែង ៥៣០គីឡូម៉ែត្រ និងព្រំប្រទល់ ២៣០គីឡូម៉ត្រ ហើយជាទីក្រុងតែមួយគត់ដែលភ្ជាប់ទៅនឹងបណ្ដាប្រទេសអាស៊ានតាមផ្លូវសមុទ្រ ដីគោក និងទន្លេ។

ទីក្រុងនេះ ជាផ្លូវឆ្លងឆ្លងកាត់ដ៏សំខាន់ ទាំងតាមសមុទ្រ និងផ្លូវគោក និងជាកំពង់ផែដ៏ធំមួយនៅតំបន់ឆ្នេរនៃប្រទេស Fangchenggang ត្រូវបានគេ ប្រើប្រាស់ច្រកផ្លូវដ៏ចម្បងមួយនៅតាមបណ្ដោយច្រកផ្លូវភាគខាងត្បូងនៃគំរោងតភ្ជាប់រវាងចិន និងសិង្ហបុរី ជាមួយលក្ខណៈ សមស្របទៅនឹងការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿន ផ្លូវល្បឿលឿន និងផ្លូវហាយវេអាស៊ាន។ វាក៏ជាច្រកផ្លូវសមស្របមួយផង ដែរតាមសមុទ្រ និងផ្លូវគោកពីព្រំដែនចិន ទៅកាន់អាស៊ាន។

ដោយសារលក្ខណៈអំណោយផលនៃតំបន់សមុទ្រមានផ្ទៃក្រឡារាប់ពាន់គីឡួម៉ែត្រនេះ បានធ្វើឲ្យទីក្រុងហ្វាំងជីងកាំង បានតភ្ជាប់យ៉ាងជិតទៅនឹងប្រទេសចំនួន៧ តាមរយៈសមុទ្រ។ ក្នុងនាមជាកំពង់ផែអន្តរជាតិ ទីក្រុងនេះនឹងទទួលបានអនាគតថ្មីនៃការ អភិវឌ្ឍផែឧស្សាហកម្ម និងទំនើបកម្មការដឹកជញ្ជូន។

លើសពីនេះទៅទៀត ដោយមានបរិស្ថានអេកូឡូស៊ីដ៏ស្រស់ស្អាត ជាមួយអត្រាព្រៃឈើគ្របដណ្ដប់ ៦០ភាគរយ ហ្វាំងជីងកាំង គឺជាទីក្រុងឧទ្យាននៃខេត្ត Guangxi និងសម្បូរទៅដោយជីវៈចំរុះ ព្រមទាំងជាជម្រករបស់សត្វស្លាប ផ្កា camellia មាស cinnamon ទីក្រុងអុកស៊ីសែនរបស់ចិន មនុស្សមានអាយុវែង star anise និងជាតំបន់ព្រៃកោងកាងអន្តរជាតិ តែមួយគតនៅក្នុងប្រទេសចិន។

ដោយសារតែសក្តានុពលដ៏ល្អសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ បានធ្វើឲ្យសេដ្ឋកិច្ចទីក្រុងហ្វាំងជីងកាំងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់១២.១ភាគរយ។ ហ្វាំងជីងកាំង បានក្លាយជាទីក្រុងដំបូងគេនៃខេត្ត ក្វាងស៊ី​ ដែលមានប្រជាជនម្នាក់មានប្រាក់ចំណូលកើនលើស ១០,០០០ដុល្លារ ក្នុងមួយឆ្នាំ។ មួយវិញទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហ្វាងជីងកាំង ត្រូវបានគេចាត់ថ្នាក់ទីមួយលើចំណូលនៃកញ្ចប់ថវិការដ្ឋក្នុងមួយនាក់ និង ជាប់លេខរៀងទី៧៨ លើសន្ទស្សន៍សេដ្ឋកិច្ចល្អក្នុងចំណោមទីក្រុងមានការរីកចំរើនខ្ពស់នៅក្នុងប្រទេសចិន៕

 

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៦៨ ដោយមានការអនុម័តពីលោកប្រធានាមៅ សេទុង និងនាយករដ្ឋមន្ត្រី ជូ អេងឡាយ ទីក្រុង Fangchenggang ត្រូវបានកសាង ជាផែចេញដំណើរនៅក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រសំដៅគាំទ្រដល់វៀតណាមក្នុងការធ្វើសង្រ្គាមប្រឆាំងនឹងការឈ្លានពាន
របស់សហរដ្ឋអាមេរិក ឬគេស្គាល់នៅក្នុងប្រវត្តិសាស្ត្រថាផែនការ Guangxi “3·22”។