(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច UME បានណែនាំ និងលើកទឹកចិត្តដល់និស្សិតប្រមាណជាង២០០នាក់ថា ត្រូវគិតវិជ្ជមានដើម្បីសម្រេចគោលដៅ ដែលគ្រោងនឹងបង្កើតអាជីវកម្ម ឬគម្រោងផ្សេងៗទៀត។
លោក មួន វាសនា បានថ្លែងបែបនេះ ក្នុងពេលប្រារព្ធពិធីបិទសិក្ខាសាលា ស្តីពីការប្រកួតប្រជែង ការបង្កើតគម្រោងអាជីវកម្មខ្នាតតូច និងមធ្យម សម្រាប់ការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម រៀបចំដោយក្រុមហ៊ុន Total នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យរូបនេះ បានថ្លែងថា ក្នុងខណៈពេលដែលនិស្សិតសាកលវិទ្យា UME ខេត្តកំពង់ចាម បានរៀនរួចមកហើយ នូវចំណេះដឹងផ្នែក ការបើកអាជីវកម្មដូច្នេះ ពេលនេះវាជាឱកាសសម្រាប់និស្សិត ធ្វើការបញ្ចេញសមត្ថភាព ក្នុងការចូលរួមប្រឡងរៀបចំគម្រោងអាជីវកម្មរបស់ខ្លួន ខ្នាតតូច ឬខ្នាតមធ្យម ដែលក្រុមហ៊ុនតូតាល់ បានរៀបចំឲ្យមានការប្រឡងនាឱកាសនេះ។
ទន្ទឹមនេះសូមនិស្សិតទាំងអស់ត្រូវតាំងចិត្តគិតវិជ្ជមាន ទើបយើងអាចធ្វើបានដូច្នេះ ការគិតវិជ្ជមាននេះ វាជាផ្លូវបង្ហាញយើងឲ្យមានពន្លឺ ក្នុងកិច្ចការរបស់យើងដើម្បីសម្រេចដល់គោលដៅ ដែលបានបម្រុងនឹងធ្វើវា។ ផ្ទុយទៅវិញ បើយើងមិនក្លាហាន ហើយចេះតែគិតថាខ្លួនធ្វើមិនបាននោះ ពិតជាមិនបានហើយ ព្រោះទ្វារបញ្ញារបស់យើងត្រូវបានបិទដោយសារការគិតអវិជ្ជមាននោះឯង។
ដោយឡែក តំណាងក្រុមហ៊ុន តូតាល់ កម្ពុជា លោក ងី មករា បានឲ្យដឹង ការបង្កើតឲ្យមានការប្រឡង ការបង្កើតគម្រោងអាជីវកម្មខ្នាតតូច និងមធ្យមនេះ ខាងក្រុមហ៊ុនមានគោលបំណងក្នុងការគាំទ្រគំនិតល្អៗ និងគម្រោងផ្សេងៗ ដើម្បីជួយបង្ហាញពីបញ្ហាដែលរីករាលដាលមួយ នៅក្នុងសហគមន៍នៃប្រទេសកម្ពុជា ហើយប្រធានបទអាចទាក់ទងទៅនឹងការផ្តល់ឱកាសសម្រាប់ការអប់រំ ការកាត់បន្ថយអត្រាមរណភាពរបស់កុមារ ការពង្រឹងនូវសុខភាពសាធារណៈ ការអភិវឌ្ឍនួវបណ្តាញអគ្គីសនីសម្រាប់ទីជនបទ ការពង្រឹងនូវសុវត្ថិភាពផ្លួវថ្នល់ ឬការសាងសង់គេហដ្ឋាន ដោយប្រើប្រាស់សម្ភារដែលមិនប៉ះពាល់ដល់បរិស្ថាន។
វគ្គប្រកួតឆ្នាំ២០១៨-២០១៩ អ្នកឈ្នះបីនាក់ពីប្រទេសនីមួយៗ នឹងទទួលបានការឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ការផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ និងការហ្វឹកហាត់។ ក្រុមហ៊ុននឹងជ្រើសរើសអ្នកឈ្នះប្រចាំតំបន់ ដែលនឹងទទួលបានការឧបត្ថម្ភបន្ថែម ហើយបន្ថែមទៅលើអ្នកឈ្នះទាំងបីនាក់នេះទៀត លំដាប់ថា្នក់កំពូលសហគ្រិននារី ក៏នឹងត្រូវបានបង្ហាញជាផ្លូវការផងដែរ។ ជាមួយរង្វាន់ដ៏ពិសេសនេះ ពួកយើងសង្ឃឹមថា នឹងផ្តល់ជូនសហគ្រិននារី នូវការជំរុញបន្ថែមដើម្បីចូលរួមក្នុងកម្មវិធីនេះ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ នៅសាកលវិទ្យាល័យ UME កំពង់ចាម លោក មួន វាសនា ប្រធានគណៈគ្រប់គ្រង បានបើកវិញ្ញាសារចែកជូននិស្សិត ធ្វើការប្រឡងដើម្បីរកនិស្សិតឆ្នើមចំនួន៥នាក់ ទៅទស្សនៈកិច្ចសិក្សានៅប្រទេសសឹង្ហបុរីផងដែរ នាពេលឆាប់ៗខាងមុខនេះ៕