(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក គល់ យី បានបង្ក្រាបក្រុមប្រើប្រាស់ រក្សាទុកថ្នាំញៀន និងប្រើដាវកែច្នៃខុសច្បាប់ ចំនួន៦នាក់ នៅ៣គោលដៅផ្សេងគ្នា ហើយត្រៀមនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ លោកអធិការបញ្ជាក់ថា ប្រតិបត្ដិការនេះ កម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់ឫស្សីកែវ និងកម្លាំងប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះ១ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែង ជាបន្តបន្ទាប់ចំពោះជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ (ដាវកែច្នៃ) ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ និងមួយទីតាំងទៀត ស្ថិតនៅក្រុមទី៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
បើតាមលោកវរសេនីយ៍ឯក គន់ យី ចំពោះជនសង្ស័យដែលបង្ក្រាបបានក្នុងករណីទី១ ជនសង្ស័យឈ្មោះ ភី កក្កដា អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ឈិន ណាវិន អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ដកហូតបានក្រាមពណ៌សថ្លាមួយកញ្ចប់ និងម៉ូតូមួយគ្រឿងម៉ាក PUSAR ពណ៌ក្រហម ពាក់ស្លាកលេខ1BV-5103។
ក្នុងករណីទី២ឈ្មោះ សាទ្បេះ រ៉ូហ្សី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់) និងដកហូតបានឧបករណ៍ប្រើប្រាស់មួយចំនួន។ ដោយឡែកករណីទី៣ ឈ្មោះ អ៊ូ រ៉ាន់ អាយុ១៦ឆ្នាំ ស្នាក់នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ឈ្មោះ ស៊ូ សុវាសនា អាយុ១៦ឆ្នាំ ស្នាក់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ បូរិន ហ្វារីត អាយុ១៥ឆ្នាំ ស្នាក់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតបានសម្ភារដាវកែច្នៃ ០១ដើម ម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីនិច ពណ៌ស ដែលគ្មានស្លាកលេខផងដែរ។
ទោះបីយ៉ាងណា ចំពោះជនសង្ស័យទាំង៦នាក់ ពាក់ព័ន្ធប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕